រ៉ូណាល់ដូឆ្លងកូវីដ១៩ ខណៈភូមាស្លាប់កើនជិត៧០០នាក់និងឆ្លងជាង៣ម៉ឺននាក់

កីឡាករ​ខ្សែបម្រើ​ប្រ​យុ​ទ្ឋ​លំដាប់​កំពូល​ពិភពលោក គ្រី​ស្ទី​ណូ រ៉ូ​ណា​ល់​ដូ (Crisiano Ronaldo)​និង​បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប​អាជីព​សេះ​កង់​ជូ​វិនទុ​ស​(Juventus)​របស់​អ៊ី​តា​លី ត្រូវ​បាន​គេ​ប្រកាស​ថា បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ ។​

​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ CNA ដែល​ស្រង់​ប្រភព​សហ​ព័​ន្ឋ​បាល់ទាត់​របស់​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​ចេញផ្សាយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។​

​ក្នុង​វ័យ​៣៥​ឆ្នាំ រ៉ូ​ណា​ល់​ដូ​នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​ឲ្យ​ប្រទេស​ខ្លួន​ទល់​នឹង​ប្រទេស​ស៊ុ​យ​អែ​ដ​នៅ​ថ្ងៃស្អែក ក្នុង​កម្មវិធី UEFA Nationals League ការ​ប្រកួត​បាល់ទាត់​ស៊េរី​A ទល់​នឹង​ក្រុម Crotone នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ និង ការ​ប្រកួត​ក្រៅ​ដី​ទល់​នឹង​ក្រុម Dynamo Kiev របស់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ Champion League វគ្គ Group Stage នា​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ បន្ទាប់​ពី​ដឹកនាំ​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់​យក​ស្មើនឹង​ក្រុម​មាន់គក​បារាំង​កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ ។​

​ដោយឡែក នៅ​មុន​នេះ​បន្តិច​ដែរ ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ហៅ​ភូមា​នោះ​វិញ អាជ្ញាធរ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ បាន​រក​ឃើញ​អ្នក​ស្លាប់​ថ្មី​២៩​នាក់ ឆ្លង​ចំនួន​១១២៣​នាក់ ធ្វើ​ឲ្យ​អ្នក​ស្លាប់​ដោយ​មេរោគ​កូ​វី​ដ​១៩​សរុប​កើន​ដល់​៦៩៣​នាក់ និង​ឆ្លង​សរុប​៣០៤៣៧​នាក់​ហើយ ៕