លោក គឹម សុខ ថាបើលោកជាចៅហ្វាយក្រុងសំរាមច្រើនមិនមែនជាបញ្ហានោះទេ

អ្នកវិភាគ​នយោបាយ​និង​សង្គម លោក គឹ​ម សុខ បាន​លើក​ឡើង​ថា បញ្ហា​សំរាម​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ចំណោទ​ដែល​ធំ​នោះ​គឺ​ខ្លាច​បរិមាណ​សំរាម​តិច​ទៅ​វិញ​ទេ ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អ្នកវិភាគ​ដែល​ធ្លាប់​រង​ការ​ចាប់​ឃុំខ្លួន​ពី​បទ​ញុះញង់​រូប​នោះ​បាន​សរសេរ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ​ថា លោក គឹ​ម សុខ ផ្តល់​យោបល់​ឲ្យ​យក​សំរាម​ទៅ​ប្រើប្រាស់​ផលិត​ជា​ឋា​ម​ពល​អគ្គិសនី ក្រោម​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​រដ្ឋបាល​ក្រុង ។​

​បើ​តាម​លោក គឹ​ម សុខ ដែល​អះអាង​ថា​ខ្លួន​ធ្លាប់​សិក្សា​យល់​ដឹង​ច្រើន​ហើយ ពី​ក្រុម​អ្នកជំនាញ និង​ក៏​ជា​អ្នក​វិនិយោគ​ឥណ្ឌា​អំពី​បញ្ហា​សំរាម​នោះ បាន​បន្ត​ថា «​ខ្ញុំ៏​(​លោក គឹ​ម សុខ​)​សង្ស័យ គឺ​បរិមាណ​សំរាម​នៅ​ទូ​ទាំង​កម្ពុជា មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​កម្លាំង​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​ទីក្រុង​ភ្នំពេញ​ទាំងមូល​បាន មិនមែន​បារម្ភ​រឿង​ពិបាក​ប្រមូល​សំរាម​សំអាត​ទីក្រុង​ទេ ។ ប៉ុន្តែ ទោះបីជា​ប្រឈម​បញ្ហា​សំរាម​មិន​គ្រប់​តម្រូវការ​ក្ដី ខ្ញុំ​វិភាគ​ឃើញ​ថា ក៏​នៅ​អាច​ផលិត​ថាមពល​អគ្គិសនី បាន​រហូត​អាច​ជួយ​សម្រាល​អ្នក​ភ្នំពេញ មួយ​ភាគ​ធំ​គួរសម​ដែរ ។​» ។​

​លោក​បាន​ពន្យល់​ថា រឿង​សំរាម​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា នឹង​លែង​ក្លាយទៅជា​មេរោគ​ស្អុយ​អសោច​ពេញ​ក្រុង​និង​ទីប្រជុំជន​ទៀត​ហើយ ហើយនឹង​ចេញ​លទ្ធផល​ចំណេញ​ច្រើន​លើសលប់​ដូច​ខាងក្រោម ៖
១. ភ្នំពេញ និង​ទីប្រជុំជន​ខេត្ត​ទាំងអស់ ស្អាត​គ្រប់កន្លែង ទាំង​រៀបរយ​ប្រព័ន្ធ​សម្អាត​ទីក្រុង និង​ទីប្រជុំជន ។​
២. អ្នកក្រុង​ភ្នំពេញ និង​អ្នក​ទីប្រជុំជន​ខេត្ត​គ្រប់​គ្រួសារ មិន​ចាំបាច់​ចំណាយ​លុយ ដើម្បី​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ឡើយ ។ ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​របស់​រដ្ឋ រ៉ាប់រង​ប្រមូល​សំរាម​ដោយ​ឥត​គិតថ្លៃ រួម​ទាំង​សេវា​សំអាត​ទីក្រុង​ផង ។​
៣. អ្នក​ភ្នំពេញ នឹង​អាច​ប្រើ​ភ្លើងអគ្គិសនី ក្នុង​តម្លៃ​ប្រមាណ ៣០០៛/kwh(​គីឡូវ៉ាត់ម៉ោង​)[​ក្រោម​៥០%​ធៀប​នឹង​តម្លៃ​បច្ចុប្បន្ន​] និង​តម្លៃ​ហ្កា​ស​ចំអិន​អាហារ ខ្ទង់​១/៣(១​ភាគ​៣) ធៀប​នឹង​តម្លៃ​បច្ចុប្បន្ន ។​
៤. បុគ្គលិក និង​កម្មករ​ប្រមូល​សំរាម​/​សំអាត​ទីក្រុង អាច​ទទួល​បាន​ប្រាក់ខែ​យ៉ាងតិច $300/​ខែ មាន​សេវា​ធានា​រ៉ាប់រង​សុវត្ថិភាព​ការងារ មាន​សេវា​ថែទាំ​សុខភាព​ជា​ប្រចាំ និង​ត្រូវ​ប​ញ្ជូ​ល​ជា​បុគ្គលិក​រាជការ​ពេញ​សិទ្ធិ​ផង ។​
​យ៉ាងណា បើ​តាម​លោក គឹ​ម សុខ គម្រោង​ដែល​លោក​ធ្លាប់​បាន​សិក្សា​ជាមួយ​អ្នកជំនាញ​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល​ច្រានចោល ព្រោះ​បើ​ធ្វើ​តាម​គំនិត​នេះ​បាន​ប្រយោជន៍​អ្នក​ភ្នំពេញ តែ​បាត់​ប្រយោជន៍​រាប់​លាន​ដុល្លារ​ពី​ក្រុម​អ្នកដឹកនាំ ។​

​គិត​ត្រឹម​ម៉ោង​១​និង​៤៤​នាទី​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តប​ណាមួយ​នៅឡើយ​ទេពី​មន្ត្រី​ជំនាញ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ។ ចំណែក​«​អង្រុត​» ក៍​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ភ្លាម​ៗ​បាន​នៅឡើយ​ដែរ​ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ឋា​ម​ពល ក៍​ដូច​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ។​

​កាលពី​ថ្ងៃ​ទី​២៥ តុលា ២០១៩ លោកនាយក​រដ្ឋ​ម​ន្ទ្រី ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​អំពី​បញ្ហា សំរាម​ក្នុង​ទីក្រុង ដោយ​ក្នុង​នោះ​លោក​បាន​ស្នើ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើការ​សិក្សា និង​ស្វែងរក​ដៃ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ដុត​សំរាម​។ លោក បន្ត​ថា​វិធី​នេះ​នឹង​ចូលរួម​រក្សា​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​បរិស្ថាន​ស្អាត​។​

​កាលពី​ថ្ងៃ​ទី​២១ សីហា ២០២០ ក្រុមហ៊ុន MIZUDA ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​ប្រតិបត្តិការ​រក្សា​បរិស្ថាន បាន​ស្នើ​សុំ​សាងសង់​រោងចក្រ​ដុត​សំរាម ដើម្បី​ផលិត​និង​ផ្គត់ផ្គង់​ឋា​ម​ពល​អគ្គី​ស​នី​នៅ​ខេត្តសៀមរាប ក្រោយ​ពេល​ដែល​គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​សិក្សា​ប្រកបដោយ​ជោគជ័យ អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ ដែល​បាន​បញ្ចប់​កាលពីមុន​ខែធ្នូ​ឆ្នាំ​២០១៩​កន្លង​ទៅ ។ យ៉ាងណា មក​ទល់​នឹង​ពេល​នេះ គេ​មិនដឹង​ថា ក្រុមហ៊ុន​ចិន​ខាងលើ​បាន​ដំណើរការ​ដល់​ណា​ហើយ​នោះ​នៅឡើយ​ទេ ?​។​

​យោង​តាម​របាយការណ៍​របស់​មូ​លិ​និ​ធិ​អា​ល្លឺ​ម៉​ង់ Konrad Adenauer Stiftung (KAS) ដែល​ចេញផ្សាយ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ទាំងមូល​បង្កើត​កាក​សំណល់​សំរាម​ជាង​១​ម៉ឺន​តោន​ជា​រៀងរាល់ថ្ងៃ ឬ​ជាង​៣​លាន​៦​សែន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ជាង​៩០​ភាគរយ​មិន​ត្រូវ​បាន​យក​ទៅ​កែ​ច្នៃ​វិញ​នោះ​ទេ​៕