ខាត់ សុ​ឃី​ម ដឹកនាំ​ក្រុម​តវ៉ាមុខ​តុលាការ​ខេត្តសៀមរាប ជាលើក​ទី​២

ខេត្តសៀមរាប ៖ អ្នកស្រី ខាត់ សុ​ឃី​ម និង​ស្វាមី បាន​ដឹកនាំ ក្រុម​បាតុករ​ប្រមាណ​២០០​នាក់ ធ្វើ​បាតុកម្ម​តវ៉ា ជា​លើក​ទី​២ នៅ​មុខ​សាលាដំបូង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ ដើម្បី​ទាមទារ​អោយ​ដោះ​លែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា ដែល​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ឆបោក​ប្រាក់​អតិថិជន​ជា​ច្រើន រហូត​ជាង​១៤​លាន​ដុល្លា​អា​មេ​រិ​ក ។

ការ​តវ៉ា​របស់​អ្នកស្រី ខាត់ សុ​ឃី​ម ជា​លើក​ទី​២​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា​នេះ នៅ​មុខ​សាលាដំបូង​ខេត្តសៀមរាប ទាមទារ​អោយ​ដោះ​លែង នាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា ឈ្មោះ ឌី​ន សួន​ណាត ភេទ​ប្រុស ត្រូវ​បាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ពី​បទ​ឆបោក​ដោយ​មាន​ស្ថាន​ទំងន់ទោស និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។

កាលពី​តវ៉ា​លើក​ទី​១ «​ខាត់ សុ​ឃី​ម តំណាង​ឱ្យ​ក្រុម​សិល្បៈ​ជាង​២០០​នាក់ តវ៉ា​មុខ​តុលាការ​ខេត្តសៀមរាប​» កាលពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០២០ អ្នកស្រី ខាត់ សុ​ឃី​ម តំណាង​ឱ្យ​តារា​ល្បី​ៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​វិនិយោគ​អ៊ី​ណា​រី​តា​ប្រមាណ​ជាង​២០០​នាក់ បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​តុលាការ​ខេត្តសៀមរាប ដើម្បី​សុំ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ពាក់ព័ន្ធ​ករណី​ចាប់ខ្លួន​មេក្រុម​វិនិយោគ​របស់​ពួក​គេ ។ កាល​ណោះ អ្នកស្រី ខាត់ សុ​ឃី​ម​និង​ស្វាមី ព្រមទាំង​តំណាង​២​រូប​ទៀត ត្រូវ​បាន​តំណាង​អាយ្យ​ការ​អោយ​ចូល​មក​ក្នុង​សាលាដំបូង ដើម្បី​ជួប​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ។

សម្រាប់​តវ៉ា​លើក​ទី​២ ទាមទារឲ្យស្ថាប័នតុលាការពន្លឿននីតិវិធីតាមផ្លូវច្បាប់ ដើម្បីឲ្យប្រាកដថា មានទោស ឬគ្មានទោស ប្រសិនបើមិនមានទោស សូមឲ្យដោះលែង លោក ឌឹម សួនណាត ចេញមកវិញ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា​នេះ​វិញ អ្នកស្រី ខាត់ សុ​ឃី​ម និង​តំណាង​ផ្សេង​ទៀត មិន​ចូល​ទៅ​ក្នុង​តុលាការ​ទេ គេ​ឃើញ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង បាន​ចេញ​មក​ក្រៅ ដើម្បី​ពន្យល់​ផ្លូវច្បាប់ ដល់​ក្រុម​អ្នក​តវ៉ា វិញ​ម្តង ។

ប៉ុន្តែ​ការ​តវ៉ា​លើក​ទី​២​នេះ ទំនងជា​មិន​បាន​ដូច​ចិត្ត​ប៉ងប្រាថ្នា​ឡើយ ព្រោះថា​បទល្មើសមានទំហំធំ ដែល​លោក ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន​អចល​នា​ទ្រព្យ Enarita ត្រូវបានជន​រង​គ្រោះជា​ច្រើន ប្តឹង​ចោទប្រកាន់​ថា ជា​ការ​ឆបោក​ប្រាក់ ក្នុង​រូបភាព​ចូល​ហ៊ុន​រកស៊ី លើ​វិស័យ​អចលនទ្រព្យ ពុះ​ដី​ឡូ​តិ៍ ផ្ទះល្វែង និង​វីឡា ក្នុង​ខេត្ត​ធំ​ៗ​ជាដើម ដែល​ធ្វើ​ឲ្យ​ម្នាក់​ៗ​អស់​លុយរាប់​សិប​ម៉ឺន​ដុល្លារ ហើយ​សរុប​ជា​ទឹកប្រាក់​ដែល​ចាញ់បោក​នោះ គឺ​ខ្ទង់រយ​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​រម្លឹក​ថា ជនជាប់ចោទ​រូប​នោះ​ឈ្មោះ ឌឹ​ម សួន​ណាត អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​១០០៧ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៩ ដោយ​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា និង​មាន​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់ ដែល​បាន​អស់​លុយរាប់​សិប​ម៉ឺន​ដុល្លារ ។

ជនសង្ស័យ ឌឹ​ម សួន​ណាត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ព្រោះ​រឿង​ដែល​បាន​កើតឡើង​ដំបូង នៅ​លើ​ទឹកដី​ខេត្តសៀមរាប ៕