មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្លងកាត់បឹងទំពុន និងបឹងជើងឯក ភ្ជាប់ដល់ផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយដែលកាលពីខែកញ្ញា ២០២០កន្លងមកនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការកំណត់ល្បឿនបើកបរក្រោម៤០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ ឥឡូវត្រូវបានគេឃើញដូរមកកំណត់៦០គីឡូម៉ែត្រក្នុងមួយម៉ោងវិញហើយ ។
ជាការកត់សម្គាល់ ការផ្លាស់ប្តូរដែលយោងលើបណ្តាញសង្គមហ្វេសប៊ុកដែលគេចែកចាយបន្តគ្នានៅមុននេះបន្តិចនោះ គឺធ្វើឡើងក្រោយពីមានការរិះគន់ជាច្រើនពីមជ្ឈដ្ឋាននានា រហូតដល់ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាតជាដើមដែលថាការកំណត់ល្បឿនក្រោម៤០គីឡូម៉ែត្ររបស់មន្ត្រីជំនាញនៅលើផ្លូវ៦០ម៉ែត្រនេះ ជាការមិនត្រឹមត្រូវតាមស្តង់ដារផ្លូវជាដើម ។ ការកំណត់ល្បឿនក្រោម៤០គីឡូម៉ែត្រនាពេលនោះ ត្រូវបានមន្ត្រីជំនាញពន្យល់ថា បណ្តាលមកពីផ្លូវ៦០ម៉ែត្រ កើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនលើកច្រើនសារ ធ្វើឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ហើយភាគច្រើននៃគ្រោះថ្នាក់ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ផងដែរ ។
យ៉ាងណា នៅល្ងាចថ្ងៃទី១៤ តុលា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ ជុំវិញការផ្លាស់ប្តូរស្លាកសញ្ញាពី៤០ មក៦០គីឡូម៉ែត្រក្នុងមួយម៉ោងខាងលើនេះ ៕