វ៉ល់អស់ហើយ ! ម្តងកំណត់៤០គីឡូម៉ែត្រ/១ម៉ោង ឥឡូវដូរមក៦០គីឡូម៉ែត្រ/១ម៉ោងវិញហើយ

មហាវិថី​ស​មេ្ត​ច​តេ​ជោ​ហ៊ុន​សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១​ត្រង់ ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ឆ្លងកាត់​បឹង​ទំពុន និង​បឹង​ជើងឯក ភ្ជាប់​ដល់​ផ្លូវជាតិ​លេខ​២​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ដែល​កាលពី​ខែកញ្ញា ២០២០​កន្លង​មកនេះ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កំណត់​ល្បឿន​បើកបរ​ក្រោម​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ ឥឡូវ​ត្រូវ​បាន​គេ​ឃើញ​ដូរ​មក​កំណត់​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ​ហើយ ។

​ជា​ការ​កត់សម្គាល់ ការ​ផ្លាស់​ប្តូរ​ដែល​យោង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​ចែកចាយ​បន្ត​គ្នា​នៅ​មុន​នេះ​បន្តិច​នោះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​រិះគន់​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​នានា រហូត​ដល់​ប្អូនស្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ស៊ី​ណាត​ជាដើម​ដែល​ថា​ការ​កំណត់​ល្បឿន​ក្រោម​៤០​គីឡូម៉ែត្រ​របស់​មន្ត្រី​ជំនាញ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​នេះ ជា​ការ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ផ្លូវ​ជាដើម ។ ការ​កំណត់​ល្បឿន​ក្រោម​៤០​គីឡូម៉ែត្រ​នា​ពេល​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពន្យល់​ថា បណ្តាល​មក​ពី​ផ្លូវ​៦០​ម៉ែត្រ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​លើក​ច្រើន​សារ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ ហើយ​ភាគច្រើន​នៃ​គ្រោះថ្នាក់ បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​ផង​ដែរ ។​

​យ៉ាងណា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ តុលា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ពី​៤០ មក​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ខាងលើ​នេះ ៕