អាជ្ញាធរខេត្តកណ្តាលបិទចរាចរណ៍រថយន្តធុនធំមិនឲ្យឆ្លងកាត់ផ្លូវជាតិជាច្រើន

នៅ​មុន​នេះ​បន្តិច មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុន​ធំ​ទាំងអស់ ដោយ​អាជ្ញាធរ​សម្រេច​បិទ​ចរាចរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២,៣,៤,៥ ផ្លូវជាតិ​លេខ​២០​អា , ២១ , ២១​អា និង ផ្លូវជាតិ​លេខ​២១​បេ ស្ថិត​ក្នុងភូមិ​សាស្ត្រ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដោយសារ​ទឹក​ជន់​លិច​ខ្លាំង​ពេក​។​

​បើ​តាម​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល សេចក្តីជូនដំណឹង​បិទ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ខាងលើ ចាប់​អនុវត្តន៍​ចាប់ពី​ពេល​ជូនដំណឹង​នេះ​ទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។​

​សូម​បញ្ជាក់​មក​ទល់​នឹង​ម៉ោង​៧​និង​២៦​នាទី​យប់​ថ្ងៃ​ទី​១៤ តុលា តំបន់​ជា​ច្រើន​ក្នុង​ខេត្តកណ្តាល​ត្រូវ​បាន​ទឹក​ជន់​លិច​ពី​ទំនប់​ព្រែក​ត្នោត និង​ទឹកភ្លៀង​ហូរ​ពី​តំបន់​ផ្សេង​ៗ​ទៀត ពិសេស​ស្រុក​អង្គស្នួល​លិច​ធ្ងន់ធ្ងរ​ជាងគេ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ផ្លូវការ​ពី​ការ​បាត់បង់​ជីវិត​មនុស្ស សត្វ​និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ ផលដំណាំ​ផ្សេង​ៗ​ជា​ច្រើន​នៅ​ក្នុង​ខេត្តកណ្តាល​នោះ​នៅឡើយ​ទេ ៕