គ្រឿងញៀនទម្ងន់ ២១០៦គីឡូក្រាមនិង២១៥,៨៩ក្រាម រួមនឹងសារធាតុគីមីផ្សំចំនួន៦០០គីឡូក្រាម មានតម្លៃ សរុប១០លានដុល្លារអាមេរិក ត្រូវបានកងកម្លាំងមន្ទីរប្រឆាំងគ្រឿងខ្មែរ ធ្វើការបង្ក្រាបបាន ខណៈគ្រឿងញៀននិងសារធាតុគីមីផ្សំទាំងនោះ ត្រូវឧក្រិដ្ឋជននាំចូលពីប្រទេសឡាវ នឹងគ្រោងនាំចេញបន្តទៅកាន់កោះតៃវ៉ាន់ ។
បើតាមមន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនវត្ថុតាងនិងជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី១៤ តុលា ២០២០ ។
វត្ថុតាងនិងជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំង០៤នាក់ ដែលដឹកជញ្ជូនជួញដូរឆ្លងដែន និងរក្សាទុកកែឆ្នៃគ្រឿងញៀនខុសច្បាប់ពីប្រទេសឡាវឆ្លងកាត់កម្ពុជាទៅកោះតៃវ៉ាន់ប្រទេសចិនខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ តុលា ២០២០ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញចំនួន៤គោលដៅ។ក្រោពីវត្ថុតាងនិងជនសង្ស័យទាំង៤នាក់ដែលត្រូវបានបញ្ជូនទៅតុលាការរួចហើយនោះ កងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកំពុងស្រាវជ្រាវរកមេខ្លោងដែលនៅពីក្រោយការជួញដូរឆ្លងដែនដ៍ធំនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕