ជំនន់ទឹកភ្លៀង៖ ស្លាប់១២នាក់ ប៉ះពាល់ជិត១៦ម៉ឺននាក់និងស្រូវដំណាំរាប់ម៉ឺនហិកតា

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់​(​ក្មេង​៥​នាក់​) បាន​បាត់បង់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​(​នៅ​តំបន់​ខ្លះ​ជំនន់​ទឹកភ្លៀង​កើតឡើង​ចាប់តាំងពី​ថ្ងៃ​ទី​០៥​តុលា​) ។​

​នេះ​បើ​យោង​តាម​របាយការណ៍​បឋម​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​កម្ពុជា​។​

​បើ​តាម​របាយការណ៍​បឋម​ដដែល ក្រៅពី​មាន​មនុស្ស​ស្លាប់ ជំនន់​ទឹកភ្លៀង​ដែល​ប៉ះពាល់​រាជធានី ខេត្ត​ជិត​២០ ក៍បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​១៦​ម៉ឺន​នាក់ រង​ផល​ប៉ះពាល់ ក្នុង​នោះ​ជាង​១​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។​

​ទឹកជំនន់​ក៍បាន​ធ្វើ​ឲ្យ​​លំនៅ​ឋាន​របស់​ពលរដ្ឋ ជិត​៤០​ម៉ឺន​ខ្នង រង​ការ​ប៉ះពាល់ ក្នុង​នោះ​៣០​ខ្នង ត្រូវ​ខូចខាត ខណៈ​សាលារៀន ជាង​៤០០​កន្លែង ត្រូវ​រង​ការ​ជន់​លិច ស្រូវ​ជាង​១១​ម៉ឺន​ហិ​កតា និង ដំណាំ​ផ្សេង​ៗ​ទៀត ជាង​៥,៥​ម៉ឺន​ហិ​កតា ត្រូវ​ទឹក​ជន់​លិច​។​

​របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅពី​មាន​មនុស្ស​ស្លាប់ និង​ប៉ះពាល​ផ្ទះសម្បែង ស្រូវ​និង​ដំណាះ​ផ្សេង​ៗ ជំនន់​ទឹកភ្លៀង​ដែល​បណ្តាល​មក​ពី​ព្យុះ​និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាន ក៍បាន​ធ្វើ​ឲ្យ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្សេង​ៗ​ទៀត​ដូច​ជា ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម ជិត​២០០​គីឡូ​មែ​ត្រ និង ស្ពាន​២៤​កន្លែង ក៏​ត្រូវ​ទឹក​ជន់​លិច​ផង​ដែរ ៕