Shukaku Inc Pheapimex
គិតត្រឹមម៉ោង១១និង៣៣នាទីថ្ងៃត្រង់ ថ្ងៃទី១៥ តុលានេះ គេនៅមិនទាន់ឃើញមានឈ្មោះអ្នកស្រីឧកញ៉ា ជឹង សុភាព ហៅយាយភូ បរិច្ចាគថវិកាដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឡើយទេ ខណៈឧកញ៉ានិងសប្បុរសជនជាច្រើនបានបរិច្ចាគរួចហើយ ។
នេះបើតាមបញ្ជីឈ្មោះទាំង៥៧នាក់ (គិតត្រឹមម៉ោង១១និង៣៣នាទីថ្ងៃទី១៥តុលានេះ)សប្បុរសជនដែលបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីយកទៅជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។
គេនៅចាំំបានថា អ្នកស្រីឧកញ៉ា ជឹង សុភាព ហៅយាយភូ ដែលគេស្គាល់ថាជាភរិយាលោកឧកញ៉ា ឡៅ ម៉េងឃីននោះ គឺជាម្ចាស់ភាគហ៊ុនក្រុហ៊ុន Shukaku Inc ដែលបានលុបបឹងកក់ និងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មមកទល់នឹងបច្ចុប្បន្ននេះ ហើយដែលការលុបបឹងកក់នេះ ត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនស្តីបន្ទោសថាជាដើមចមបណ្តាលឲ្យទឹកភ្លៀងជន់លិច ពេលភ្លៀងខ្លាំងម្តងៗ ។
ក្រៅពីលុងបឹងកក់ យាយភូ ដែលជាម្ចាស់ក្រុមហ៊ុន Pheapimex ផងនោះ ក៍ធ្លាប់ត្រូវបានគេដឹងថា ធ្លាប់លុបឆ្នេរសមុទ្រព្រែកត្រែង ដែលស្ថិតនៅស្របបណ្តោយមាត់សមុទ្រខៀវស្រងាត់ ភាគខាងជើងខេត្តស្ថិតព្រះសីហនុក្នុងតំបន់រដ្ឋបាល និងសេដ្ឋកិច្ចពិសេសពហុបំណងរបស់កម្ពុជាផងដែរ ។ ឆ្នេរព្រែងត្រែងនេះដែរ មានចម្ងាយពីកំពង់ផែអន្តរជាតិខេត្តព្រះសីហនុប្រមាណ ៣គីឡូម៉ែត្រ នៅប៉ែកខាងជើង ហើយ ឆ្នេរព្រែកត្រែងនេះមានខ្សាច់សក្បុសជាងឆ្នេរអូរឈើទាល អូរត្រេះ ឆ្នេរសុខា និងឯករាជ្យប៉ុណ្ណោះទេ វាថែមទាំងមានម្លប់ដើមស្រល់ក្រហម អមដោយសួនច្បារដែលគេទើបរៀបចំថ្មីយ៉ាងស្រស់ស្អាតមួយ។
គេសង្ឃឹមថា យាយភូនិងស្វាមី នឹងជួយថវិកាដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ ៕