នៅមុននេះបន្តិច មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនដឹកជញ្ជូនធុនធំទាំងអស់ ដោយអាជ្ញាធរសម្រេចបិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០អា , ២១ , ២១អា និង ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដោយសារទឹកជន់លិចខ្លាំងពេក។
បើតាមមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល សេចក្តីជូនដំណឹងបិទចរាចរណ៍នៅលើកំណាត់ផ្លូវខាងលើ ចាប់អនុវត្តន៍ចាប់ពីពេលជូនដំណឹងនេះទៅរហូតដល់មានការជូនដំណឹងជាថ្មី ។
សូមបញ្ជាក់មកទល់នឹងម៉ោង៧និង២៦នាទីយប់ថ្ងៃទី១៤ តុលា តំបន់ជាច្រើនក្នុងខេត្តកណ្តាលត្រូវបានទឹកជន់លិចពីទំនប់ព្រែកត្នោត និងទឹកភ្លៀងហូរពីតំបន់ផ្សេងៗទៀត ពិសេសស្រុកអង្គស្នួលលិចធ្ងន់ធ្ងរជាងគេ ប៉ុន្តែមិនទាន់មានរបាយការណ៍ផ្លូវការពីការបាត់បង់ជីវិតមនុស្ស សត្វនិងការខូចខាតទ្រព្យសម្បត្តិ ផលដំណាំផ្សេងៗជាច្រើននៅក្នុងខេត្តកណ្តាលនោះនៅឡើយទេ ៕