គិតត្រឹមព្រឹកថ្ងៃទី១៤ តុលានេះ ប្រជាពលរដ្ឋខ្មែរចំនួន១២នាក់(ក្មេង៥នាក់) បានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដែលកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ(នៅតំបន់ខ្លះជំនន់ទឹកភ្លៀងកើតឡើងចាប់តាំងពីថ្ងៃទី០៥តុលា) ។
នេះបើយោងតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកម្ពុជា។
បើតាមរបាយការណ៍បឋមដដែល ក្រៅពីមានមនុស្សស្លាប់ ជំនន់ទឹកភ្លៀងដែលប៉ះពាល់រាជធានី ខេត្តជិត២០ ក៍បានធ្វើឲ្យប្រជាពលរដ្ឋជិត១៦ម៉ឺននាក់ រងផលប៉ះពាល់ ក្នុងនោះជាង១ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ទឹកជំនន់ក៍បានធ្វើឲ្យលំនៅឋានរបស់ពលរដ្ឋ ជិត៤០ម៉ឺនខ្នង រងការប៉ះពាល់ ក្នុងនោះ៣០ខ្នង ត្រូវខូចខាត ខណៈសាលារៀន ជាង៤០០កន្លែង ត្រូវរងការជន់លិច ស្រូវជាង១១ម៉ឺនហិកតា និង ដំណាំផ្សេងៗទៀត ជាង៥,៥ម៉ឺនហិកតា ត្រូវទឹកជន់លិច។
របាយការណ៍ដដែលបានបង្ហាញផងដែរថា ក្រៅពីមានមនុស្សស្លាប់ និងប៉ះពាលផ្ទះសម្បែង ស្រូវនិងដំណាះផ្សេងៗ ជំនន់ទឹកភ្លៀងដែលបណ្តាលមកពីព្យុះនិងប្រព័ន្ឋសម្ពាធទាន ក៍បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗទៀតដូចជា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ជិត២០០គីឡូមែត្រ និង ស្ពាន២៤កន្លែង ក៏ត្រូវទឹកជន់លិចផងដែរ ៕