គិតត្រឹមម៉ោង៣និង២១នាទីរសៀលថ្ងៃទី១៦ តុលានេះ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោនៅតែធ្ងន់ធ្ងរនៅឡើយ ហើយអាជ្ញាធរនៅបន្តបិទកំណាត់ផ្លូវពីចំណុចស្ពានព្រែកជ្រៃទៅដល់រង្វង់មូលកួរស្រូវ ។
បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះប្រជាពលរដ្ឋជាង៥០០០គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសក្នុងនោះក៍មានពលរដ្ឋរស់នៅក្នុងបុរីចំនួនពីរផងដែរ ។
ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនិងជំនន់ស្ទឹងព្រែកត្នោតនេះបានហក់ឡើងខ្ពស់ ដែលបង្កអោយលិចលង់ដល់សង្កាត់ចំនួន៦ក្នុងខណ្ឌដង្កោ គឺសង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គងនយ សង្កាត់រលួស សង្កាត់សាក់សំពៅ និង សង្កាត់ព្រែកកំពិស ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃស្អែកដល់ ១៩ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្ត នៅតំបន់វាលទំនាបកណ្ដាល រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និង រាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្តបន្ទាប់ទៀត ៕