ប្រព័ន្ឋសម្ពាធទាបដែលអូសបន្លាយលើកម្ពុជាកាន់តែបង្កើនឥទ្ឋិពលជាលំដាប់ ។ ចំណែកវិសម្ពាធដែលបានកើតលើសមុទ្រចិនខាងត្បូងវានឹងក្លាយជាព្យុះទី១៧នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល វិសម្ពាធនេះនឹងធ្វើដំណើរចូលមកភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី១៧ តុលាស្អែក ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតាមបណ្តាខេត្តភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងជួរភ្នំក្រវាញ ពិសេសចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ តុលា ២០២០ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយនៅព្រលប់ថ្ងៃទី១៦ តុលា ២០២០នេះ ។
គួរបញ្ជាក់ដែរថា គិតចាប់តាំងពីថ្ងៃទី០១ កញ្ញា មកទល់នឹងព្រឹកថ្ងៃទី១៦ តុលានេះ មនុស្សចំនួន១៨នាក់បានស្លាប់(ក្មេង៨នាក់) ដោយសារគ្រោះទឹកជំនន់ទូទាំងប្រទេសកម្ពុជា ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងបានបណ្តាលរាជធានី ខេត្តចំនួន១៩រងផលប៉ះពាល់ក្នុងនោះរួមមាន៖រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងបណ្តាលឲ្យប្រជាពលរដ្ឋជាង២១ម៉ឺននាក់រងផលប៉ះពាល់ ក្នុងនោះប្រជាពលរដ្ឋជាង២ម៉ឺននាក់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ។
ក្រៅពីប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥ម៉ឺនគ្រួសារ ផ្ទះជាង៥ម៉ឺនខ្នង(ខូចខាត៥២ខ្នង) ជំនន់ទឹកភ្លៀងដែលគិតត្រឹមព្រឹកថ្ងៃសុក្រនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវនិងដំណាំផ្សេងៗជាង២០ម៉ឺនហិកតា(ស្រូវជាង១៣ម៉ឺនហិកតា) សាលារៀនលិចទឹក៤៣៩កន្លែង និង ប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវគ្រួសក្រហម ២៨៤គីឡូម៉ែត្រ ផ្លូវលំជនបទលិចទឹក ១៤៥៩គីឡូម៉ែត្រ និងលិចស្ពាន២៤កន្លែង៕