គ្រាប់មីនជាច្រើនគ្រាប់ត្រូវបានគេប្រទះឃើញ ក្រោយទឹកជន់និងហូរច្រោះដី នៅក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាតំបន់សមរភូមិក្តៅពីសម័យសង្គ្រាម ។
នេះបើយោងតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា CMAK ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វ៊េសប៊ុក ។
បើតាមលោក ហេង រតនា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ មិនមែនហូរតាមទឹកទេ តែក្រោយទឹកហូរច្រោះអស់ដី ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ ។
លោកនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជាក៍បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អតីតសមរភូមិ ហើយទទួលរងនូវទឹកជំនន់ បន្តការប្រុងប្រយ័ត្ន និងប្រសិនបើករណីមានឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ទៅប៉ូលីសមូលដ្ឋាន ឬកងកម្លាំងស៊ីម៉ាក់ជាបន្ទាន់ដើម្បីមានវិធានការដោះស្រាយ ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន (C.M.A.A) បានឱ្យដឹងថា ក្នុងរយៈពេលជិត៦ខែដើមឆ្នាំ២០២០នេះ ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមមានការថយចុះជាង៤០ភាគរយបើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៩។
ប្រភពដដែលបានឱ្យដឹងថា ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមពីខែមករាដល់ខែមិថុនា ឆ្នាំ២០២០ មានចំនួន៣៦នាក់ ។ តួលេខ នេះបង្ហាញពីការថយចុះ៤២ធៀបជាមួយនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៦២នាក់។
អាជ្ញាធរមីនបានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនរងគ្រោះចំនួន ៣៦នាក់មានជនរងរបួសចំនួន២៨នាក់និងស្លាប់ចំនួន៩នាក់។
ករណីទាំងនេះកើតមាននៅតាមបណ្តាខេត្តចំនួន១១ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិសាត់ ក្រចេះ ព្រះវិហារ ប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២០ មានជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៦៤.៨៨៧នាក់ ដែលបានកត់ត្រាដោយមន្ត្រី-បុគ្គលិកប្រមូលទិន្នន័យរបស់ការិយាល័យCMVIS។ ចំណោមជនរងគ្រោះចំនួន៦៤.៨៨៧នាក់រួមមាន៖ ជនរងគ្រោះដោយសារមីនចំនួន៥១.១១១នាក់(៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១៣.៧៧៦នាក់(២១%)។ ជនរងគ្រោះស្លាប់ចំនួន ១៩.៧៨៦នាក់(៣១%) របួស ៣៦.០៤៣នាក់(៥៥%) និងពិការអវៈយវៈចំនួន៩.០៥៨នាក់ (១៤%)។ ជនរងគ្រោះជាបុរសចំនួន៥២.៥៦៨នាក់(៨១%) ក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ៦.០៧៦នាក់(៩%) ស្ត្រី ៤.៧៨៩នាក់(៨%) ក្មេងស្រីអាយុក្រោម១៨ឆ្នាំ១.៣៩១នាក់(២%) និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ៦៣នាក់(0%)៕