គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប Luxus ៥៧០ និងម៉ូតូមួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី១៦ តុលា ២០២០ ចំណុចផ្លូវលេខ៣៣១ កែងផ្លូវ ៥៧៤ ស្ថិតនៅប៉ែកខាងលិច វិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងរបួសមិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូម្នាក់ឯង ដែលម៉ូតូពាក់ស្លាកលេខ ទ.៩៤៧៩ ភព១ តាមបណ្តោយផ្លូវលេខ ៥៧៤ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះពេលមកដល់ចំណុចផ្លូវកែង ក៍បានបុកចំពាក់កណ្តាលរថយន្តម៉ាកឡិចស៊ិស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BK-៧៧៩៩ ដែលធ្វើដំណើរតាមផ្លូវលេខ ៣៣១ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់បែកមុខ ហើយដេកស្តូកស្តឹងនៅលើដងផ្លូវ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរនោះ ។
ចំណែក រថយន្តរងការខូចខាតក្រពិតចំហៀងខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ។
អ្វីដែលជាការកត់សម្គាល់និងកម្រនឹងបានជួបនោះ គឺនៅក្រោយពេលជួបគ្រោះថ្នាក់ ម្ចាស់រថយន្ត ៥៧០ ដែលគេអះអាងថាជាឧត្តមសេនីយ៍ឯក(ផ្កាយ៣) បានបិទស្លាកលេខរថយន្តរួចបើកគេចចេញពីកន្លែងកើតហេុ ដោយសមត្ថកិច្ចមិនហ៊ានឃាត់ ព្រោះគេអះអាងថា លោកផ្កាយ៣ដែលគេមិនបញ្ចេញអត្តសញ្ញាណនោះជាមេកើយរបស់ខ្លួន ។
យ៉ាងណាម្ចាស់រថយន្តបានទុកឲ្យកូនចៅនៅចាំទំនាក់ទំនងជាមួយបងប្អូនភាគីខាងម៉ូតូរងគ្រោះ ដ្បើម្បីសម្របសម្រួលដោះស្រាយផងដែរ ។
មិនទាន់ដឹងថា ដំណោះស្រាយត្រូវបានបិទបញ្ចប់ឬយ៉ាងណានោះនៅឡើយទេ គិតត្រឹមម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៧ តុលា ២០២០ ។
«អង្រុត» មិនអាចរកការទំនាក់ទំនងដើម្បីសុំការអត្ថាធិប្បាយបានទេពីភាគីទាំងសងខាង ក៍ដូចជាប៉ូលិសជំនាញនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ៕