ឃើញមេជិះ៥៧០ជួបគ្រោះថ្នាក់អត់ហ៊ានឃាត់ លោកផ្កាយ៣បិទស្លាកលេខបើកចេញបាត់

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ស៊េរី​ទំនើប Luxus ៥៧០ និង​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ តុលា ២០២០ ចំណុច​ផ្លូវ​លេខ​៣៣១ កែង​ផ្លូវ ៥៧៤ ស្ថិត​នៅ​ប៉ែក​ខាងលិច វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​របួស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម្នាក់ឯង ដែល​ម៉ូតូ​ពាក់​ស្លាក​លេខ ទ​.៩៤៧៩ ភព​១ តាម​បណ្តោយ​ផ្លូវ​លេខ ៥៧៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន លុះ​ពេល​មក​ដល់​ចំណុច​ផ្លូវកែង ក៍បាន​បុក​ចំពាក់​កណ្តាល​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BK-៧៧៩៩ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ៣៣១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់​បែក​មុខ ហើយ​ដេក​ស្តូកស្តឹង​នៅ​លើ​ដងផ្លូវ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្បែរ​នោះ ។​

​ចំណែក រថយន្ត​រង​ការ​ខូចខាត​ក្រ​ពិត​ចំហៀង​ខាងឆ្វេង និង​ផ្ទុះ​ពោង​សុវត្ថិភាព ។

​អ្វី​ដែល​ជា​ការ​កត់សម្គាល់​និង​កម្រ​នឹង​បាន​ជួប​នោះ គឺ​នៅ​ក្រោយ​ពេល​ជួប​គ្រោះថ្នាក់ ម្ចាស់​រថយន្ត ៥៧០ ដែល​គេ​អះអាង​ថា​ជា​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣) បាន​បិទ​ស្លាក​លេខ​រថយន្ត​រួច​បើក​គេច​ចេញពី​កន្លែង​កើត​ហេ​ុ ដោយ​សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់ ព្រោះ​គេ​អះអាង​ថា លោក​ផ្កាយ​៣​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​នោះ​ជា​មេ​កើយ​របស់​ខ្លួន ។​

​យ៉ាងណា​ម្ចាស់​រថយន្ត​បាន​ទុក​ឲ្យ​កូនចៅ​នៅ​ចាំ​ទំនាក់ទំនង​ជាមួយ​បងប្អូន​ភាគី​ខាង​ម៉ូតូ​រង​គ្រោះ ដ្បើ​ម្បី​សម្រប​សម្រួល​ដោះស្រាយ​ផង​ដែរ ។

មិន​ទាន់​ដឹង​ថា ដំណោះស្រាយ​ត្រូវ​បាន​បិទ​បញ្ចប់​ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ២០២០  ។​

«​អង្រុត​» មិន​អាច​រក​ការ​ទំនាក់ទំនង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេពី​ភាគី​ទាំង​សងខាង ក៍​ដូច​ជា​ប៉ូលិស​ជំនាញ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ៕