បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខណៈមេខ្លោងជនជាតិវៀតណាមម្នាក់ទៀតបានរត់គេចខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២២ តុលា ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។
បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងវ៉ាង ប្រុសអាយុ ២៥ ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកក្នុងភូមិសង្កាត់ខាងលើ ហើយជននេះតែងធ្វើសកម្មភាពពាក់មុខក្បាំងមុខដើម្បីកុំឲ្យសមត្ថកិច្ចស្គាល់និងជិះកាណូតលក់ថ្នាំញៀន។
នៅក្នុងការចុះបង្ក្រាបដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ ដាវមួយ កាណូត១គ្រឿង ដែលជាមធ្យោបាយសម្រាប់ ធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅតាមដងទន្លេរួមនិងមធ្យោបាយបម្រើដល់ការជក់មួយចំនួនទៀត ។
បើតាមសមត្ថកិច្ចនៅពេលនេះ ប៉ូលិសកំពុងតាមចាប់ជនសង្ស័យជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក ដែលបានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់ ។
នៅពេលនេះ ជនជាតិវៀតណាមដែលត្រូវចាប់ខ្លួន និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕