រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារការយកពន្ឋលើចំណេញមូលធនរយៈពេល១ឆ្នាំទៀត រហូតដល់ដើមឆ្នាំ២០២២ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។
នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ឋដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលត្រូវបានគេផ្សព្វផ្សាយនៅរសៀលថ្ងៃទី២២ តុលា ២០២០ ក្រោយពីមានចំណារឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៩ តុលា ២០២០ ។
ជាការកត់សម្គាល់ ការសម្រេចពន្យារពេលការអនុវត្តយកពន្ឋលើចំណេញមូលធនពីសំណាក់រាជរដ្ឋាភិបាលខាងលើ បានធ្វើឡើងក្រោយពីមានមជ្ឈដ្ឋាននិងពលរដ្ឋមួយចំនួន ពិសេសក្រុមអ្នករកស៊ីអចលនទ្រព្យបានប្រតិកម្មនិងសំណូមពររាជរដ្ឋាភិបាលពន្យារពេលសិននៅគ្រាដែលកំពុងជួបនូវវិបត្តិកូវីដ១៩ ។
ទាក់ទងទៅនឹងពន្ឋចំណេញមូលធន២០ភាគរយ ដែលរាជរដ្ឋាភិបាលបានកំណត់ថានឹងចាប់អនុវត្តន៍ពីថ្ងៃទី០១ មករា ២០២១ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី០១ មករា ២០២២វិញនោះដែរ លោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារធ្លាប់បានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៃស្ថាប័ននេះ បានបញ្ជាក់ឲ្យដឹងថា ពន្ធចំណេញមូលធន ២០ភាគរយ លើការលក់អចលនវត្ថុនឹងត្រូវប្រមូល តែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលនឹងមានការលើកលែង ចំពោះការលក់ ឬផ្ទេរទ្រព្យមួយចំនួន ដូចជា ប្រភេទទ្រព្យដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និងអង្គការអន្តរជាតិ ឬទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ”។លោកបន្តថា “ការអនុវត្តនេះរួមជាមួយនិវាសដ្ឋានដែលជាគោលដើម របស់អ្នកជាប់ពន្ធដែលបានកាន់កាប់ និងរស់នៅរយៈពេល៥ឆ្នាំ ក៏នឹងទទួលបានការលើកលែងពន្ធនេះដែរ ប៉ុន្ដែលើកលែងតែសម្រាប់ការលក់អចលនវត្ថុទីមួយប៉ុណ្ណោះ មិនអាចអនុវត្តចំពោះការលក់អចលនវត្ថុទី២ឬទី៣នោះទេ”។
លោកកែន សម្បត្តិបាបបញ្ជាក់ផងដែរថា ការផ្ទេរអចលនទ្រព្យ រវាងសាច់ញាតិដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា ក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ។ ដូចជា ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក– ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ–តាបង្កើត និងចៅបង្កើតជាដើម។
ចំណែក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលក៍ធ្លាប់បានពន្យល់ផងដែរថា ការកំណត់យកអត្រាពន្ធថេរ២០ភាគរយ លើប្រាក់ចំណេញមូលធននេះ មិនមានន័យថា រដ្ឋយកពន្ធ២០ភាគរយ ពីប្រាក់ចំណេញទាំងមូលនោះទេ ពោលគឺរដ្ឋយកតែ២០ភាគរយ នៃតម្លៃអចលនទ្រព្យដែលលក់បាននោះប៉ុណ្ណោះ ដើម្បីយកគណនាគិតពន្ធ២០ភាគរយ ដែលបានកំណត់ក្នុងច្បាប់។
ឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ១លានដុល្លារ រដ្ឋនឹងយកតម្លៃ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ២០% ដែលបានកំណត់ ដូច្នេះបើអ្នកលក់ផ្ទះនោះបានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ៤ម៉ឺនដុល្លារ៕