ក្រុមអ្នកតវ៉ាចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខស្ថានទូតចិនប្រចាំកម្ពុជាខណៈពួកគេរួមនឹងអ្នកតវ៉ាប្រមាណ១០០នាក់ទៀតកំពុងស្រែក«២៣តុលានៅឯណា យើងត្រូវការ២៣តុលា»។
នេះបើយោងតាមនាយិកាមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលប្រាប់ Thmey Thmey នៅព្រឹកថ្ងៃទី២៣ តុលា ២០២០ ។
បើតាមសេចក្តីរាយការណ៍ក៍បានបញ្ជាក់ដែរថា ក្រៅពីមានការការចាប់ខ្លួនមនុស្ស៣នាក់(ស្រី២នាក់) ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ នៅក្នុងការប្រមូលផ្តុំគ្នាតវ៉ាមុខស្ថានទូតចិនដើម្បីទាមទារឲ្យចិនចូលរួមគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាព្រឹកថ្ងៃទី២៣ តុលា ២០២០ ដែលជាទិវារំឮកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១-២៣ តុលា ២០២០នេះដែរ ក្រុមអ្នកតវ៉ា និងសមត្ថកិច្ចដែលពាក់ម៉ាស់និងមួកសុវត្ថិភាពផងនោះ ក៍មានការប៉ះទង្គិចគ្នាផងដែរ ។
ប្រភពបន្តថា ក្រោយចាកចេញពីស្ថានទូតចិន ក្រុមអ្នកតវ៉ាទាំងនោះ បាននាំគ្នាធ្វើដំណើរបន្តទៅស្ថានទូតនៃប្រទេសមហាអំណាចមួយទៀត គឺស្ថានទូតអាមេរិក ដើម្បីយកញ្ញត្តិទៅដាក់។ ក្នុងញត្តិនោះ ពួកគាត់ សុំឲ្យរដ្ឋាភិបាលអាមេរិក ជំរុញប្រទេសទាំងអស់ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើកកិច្ចប្រជុំជាថ្មី លើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះពួកគាត់ យល់ថា រដ្ឋាភិបាលកម្ពុជា បានដើរចេញឆ្ងាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សូមបញ្ជាក់ថា បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានច្រានចោលម្តងហើយម្តងទៀតថាកម្ពុជាមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីខ្លួនយ៉ាងណាក្តី ក៍នៅក្នុងញ្ញត្តិដែលក្រុមអ្នកតវ៉ាដាក់នៅក្នុងស្ថានទូតអាមេរិកក៍បានសរសេរដែរថា ពួកគាត់(អ្នកតវ៉ា) ជាប្រជាពលរដ្ឋខ្មែរ ប្រឆាំងដាច់ខាតនឹងវត្តមានកងទ័ពចិន ដែលមានបំណងមកបោះទីតាំងនៅលើផែរាមខេត្តព្រះសីហនុ និងនៅតាមតារាសាគរខេត្តកោះកុង។ តាមរយៈញ្ញត្តិ ពួកគាត់(អ្នកតវ៉ា) ថែមទាំងស្នើឲ្យរដ្ឋាភិបាលអាមេរិក ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលចិន ដើម្បីឲ្យឈប់គាំទ្រអំណាចបុគ្គល ដែលពួកគេសំដៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅរសៀលសុក្រដដែលនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនអាចរកការសុំអត្ថាធិប្បាយបានឡើយ ជុំវិញការតវ៉ា ការចាប់ខ្លួននិងខ្លឹមសារក្នុងញ្ញត្តិតវ៉ារបស់អ្នកវ៉ាខាងលើនេះ ។
គួររំឮកថា ភាគីខ្មែរទាំង៤(រដ្ឋាភិបាលនៃរដ្ឋកម្ពុជា ខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនិងហ្វ៊ុនស៊ិនប៉ិច) រួមនឹងប្រទេស១៨ផ្សេងទៀត ក្រោមដំបូលអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
ប្រទេសទាំង១៨ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះរួមមាន៖ប្រទេសអាមេរិក ចិន អូស្ត្រាលី ព្រុយណេ កាណាដា បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ សហភាពសូវៀត អង់គ្លេស វៀតណាម និង សហព័ន្ឋយូហ្គោស្លាវី ៕