ស្រីលីន លួចម៉ូតូស្រីរីន រួចបណ្តើរទៅធ្វើសោរ ជាប់ខ្នោះ

ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន ខណៈ​លួច​ម៉ូតូ​គេ​បាន​ហើយ​បណ្តើរ​ទៅ​រក​ជាង​ធ្វើ​សោរ ក៍​ត្រូវ​ម្ចាស់​តាម​ទាន់​ប្រាប់​ប៉ូលិស ។​

​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០២០ នៅ​ចំណុច​ផ្សារ​ធំ​តាកែវ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វង់ ស្រី​លី​ន អាយុ ៣២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ឈ្មោះ ជា ស្រី​រី​ន អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​លួច​មិន​បាន​សម្រេច​នោះ ម៉ាក​ហុងដា ZoomerX ពណ៌​សលាយ​ក្រហម​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ តាកែវ 1Q-8811​។​

​ប្រភព​ពី​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​បញ្ឈរ​ទុក​ចោល​នៅ​មាត់​ច្រកចេញ​/​ចូល​ផ្សារ​ពី​ខាងត្បូង រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​រក​ទិញ​អីវ៉ាន់ ស្រាប់តែ​ពេល​ចេញ​មក​វិញ​មិនឃើញ​ម៉ូតូ​។ ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​ក៏​បាន​ជិះ​ដើរ​រក​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ កំពុង​តែ​បណ្ដើរ​ម៉ូតូ​ទៅ​រក​កន្លែង​ជាង​ធ្វើ​សោ ហើយ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ក្រុង​ដូន​កែវ ចុះ​មក​ឃាត់ខ្លួន​តែ​ម្តង ។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕