ជំនន់ទឹកភ្លៀងមិនទាន់ស្រកអស់ផង ថ្ងៃនេះបែរជាទឹកសមុទ្រហក់ឡើងខុសធម្មតា

ទឹកសមុទ្រ​មាន​សភាព​ជោរ​ឡើង​ខ្ពស់​ខុស​សព្វដង ដោយ​ហូរ​ចូល​តាម​ប្រឡាយ និង អូរ​រំដោះ​ទឹកភ្លៀង​នៅ​ក្នុង​ក្រុងព្រះសីហនុ ដែល​សភាព​ទឹក​ឡើង​លិច​ឆ្នេរ​មក​ជិត​ដល់​ផ្លូវ ។​

​នេះ​បើ​យោង​តាម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន ដែល​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ ។​

​បើ​តាម​លោក​ចៅហ្វាយខេត្ត កម្ពស់​ទឹកសមុទ្រ​ឡើង​ខ្លាំង​នេះ គាប់​ជួន​អត់​មាន​ភ្លៀង បើ​មាន​ភ្លៀង នោះ​ក្រុងព្រះសីហនុ​មុខតែ​នឹង​លិចលង់​ច្រើន​ម៉ោង ។​

​ចំណែក​ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្ត​ព្រះ​សីហ​នុ លោក​ហេង សោភ័ណ​រិ​ទ្ធ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ដែរ​ថា ទឹកសមុទ្រ​ធម្មតា​ជោរ​ឡើង​ខ្លាំង​នៅ​ក្នុង​ខែ​១១ និង​ខែ​១២​ជា​រៀង​រាល់​ឆ្នាំ ដែល​ធម្មតា​មាន​កម្ពស់​ក្នុង​រង្វង់​០.៩០ ម៉ែត្រ និង​អាច​លើស​១​ម៉ែត្រ​បន្តិច​ក្នុង​មួយ​ឆ្នាំ​មាន​មួយ​ថ្ងៃ​។ កាលពី​ក្នុង​ឆ្នាំ​២០១៦ ខែ​១២ ទឹក សមុទ្រ​បាន​ជោរ​ដល់​កម្ពស់​១.២២​ម៉ែត្រ ធ្វើ​ឱ្យ​ហូរហៀរ​កាត់​លើ​ទំនប់​ទឹកប្រៃ​ធ្វើ​ឱ្យ​ខូច​ដំណាំ​ស្រូវ​។ ទឹកសមុទ្រ​ជោរ​ខ្ពស់​បែប​នេះ​កើត​មាន​ឡើង​ក្នុង​រយៈពេល​បី​ទៅ​បួន​ឆ្នាំ​ទើប​កើត​មាន​ម្តង​។​

​លោក​ប្រធាន​មន្ទីរ​និយាយ​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃនេះ​តាម​ការ​ព្យាករណ៍ កម្ពស់​ទឹកសមុទ្រ​ជោរ​មាន​កម្ពស់​១.០៥​ម៉ែត្រ ដោយ​ធម្មតា​ពេល​ជោរ​ឡើង​ដល់​កម្រិត ទឹក​ចាប់​នាច​ទៅ​វិញ តែ​នៅ​ថ្ងៃនេះ​ទឹកជោរ​ដល់​កម្ពស់​១.០៥​ម៉ែត្រ​ហើយ​មិន​នាច ទៅ​វិញ​ភ្លាម​ៗ គឺ​នៅ​នឹង​តាម​ព្រែក អូរ និង ប្រឡាយ​ដោះ​ទឹក​ក្នុង​ទីក្រុង​រយៈពេល រហូត​ពី​បី​ទៅ​បួន​ម៉ោង​យ៉ាង​ចម្លែក ។ ទោះជា​យ៉ាងណា​ទឹកជោរ​ខុស​ប្រក្រតី នេះ មិន​បាន​ហូរហៀរ​លើ​ខ្នង​ទំនប់​ការពារ​ទឹកប្រៃ​នៅឡើយ​ទេ ។​

​ចំណែក លោក​នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង នេសាទ​ព្រះ​សីហ​នុ ក៍បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣​តុលា​នេះ​ដែរ​ថា រាល់​ឆ្នាំ​ទឹកសមុទ្រ​ជោរ​ខ្លាំង​នៅ​ក្នុង​ខែ​១១​និង​ខែ​១២ ។ ទឹកសមុទ្រ​ជោរ​នាច​ធម្មតា​ក្នុង​រង្វង់​០.៦០​ម៉ែត្រ តែ​ដល់​ក្នុង​ខែ​ក​ក្តឹ​ក​បែប​នេះ ទឹកជោរ​ដល់​រង្វង់​មួយ​ម៉ែត្រ ឬ លើស​មួយ​ម៉ែត្រ ។ ទឹកជោរ​ខ្ពស់​មាន​អំណោយផល​ល្អ​ដល់​ព្រៃកោងកាង តែ​មិនល្អ​ដល់​ដំណាំ​ផ្សេង​ៗ​នោះ​ទេ​៕