អស់រយៈពេល២ថ្ងៃហើយគិតចាប់ពីថ្ងៃទី២២ តុលា រហូតមកទល់នឹងថ្ងៃសុក្រនេះ(២៣តុលា) គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះពិនិត្យទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងពីរទីតាំង នៅផ្ទះលេខ G54 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញគ្រឿងសំអាងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់( Expired) ជាង២០តោន ហើយត្រូវបានរឹបអូសដើម្បីបំផ្លាញចោល។ ។
ក្រោយធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានបិទទីតាំងខាងលើជាបណ្តោះអាសន្ន។
យ៉ាងណា សមត្ថកិច្ចមិនបានបញ្ជាក់អំពីឈ្មោះផលិតផលគ្រឿងសំអាងដែលត្រូវរឹបអូសជាង២០តោននោះនៅឡើយទេ គ្រាន់តែឲ្យដឹងថា គ្រឿងសំអាងដែលខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់នោះគឺផលិតផលគ្រឿងសំអាងមានប្រវេទន៍ពីក្រសួងសុខាភិបាល មានចំនួន៤មុខ និងផលិតផលគ្រឿងសំអាងផ្សេងទៀត គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយទីតាំងស្ដុងផលិតផលគ្រឿងសំអាងខុសទីតាំងអនុញ្ញាតពីក្រសួងសុខាភិបាលនិងផលិតផលគ្រឿងសំអាងហួសកាលបរិច្ឆេទប្រើប្រាស់ លាយឡំជាមួយផលិតផលមានសុពលភាពប្រើប្រាស់ និងពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលប៉ុណ្ណោះ ។
នៅពេលនេះ សមត្ថកិច្ចបានអះអាងថាខ្លួនកំពុងបន្តនីតិវិធីផ្លូវច្បាប់ ៕