ទឹកសមុទ្រមានសភាពជោរឡើងខ្ពស់ខុសសព្វដង ដោយហូរចូលតាមប្រឡាយ និង អូររំដោះទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ ដែលសភាពទឹកឡើងលិចឆ្នេរមកជិតដល់ផ្លូវ ។
នេះបើយោងតាម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃសុក្រដដែលនេះ ។
បើតាមលោកចៅហ្វាយខេត្ត កម្ពស់ទឹកសមុទ្រឡើងខ្លាំងនេះ គាប់ជួនអត់មានភ្លៀង បើមានភ្លៀង នោះក្រុងព្រះសីហនុមុខតែនឹងលិចលង់ច្រើនម៉ោង ។
ចំណែកប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តព្រះសីហនុ លោកហេង សោភ័ណរិទ្ធ បានប្រាប់រស្មីកម្ពុជាឲ្យដឹងនៅថ្ងៃនេះដែរថា ទឹកសមុទ្រធម្មតាជោរឡើងខ្លាំងនៅក្នុងខែ១១ និងខែ១២ជារៀងរាល់ឆ្នាំ ដែលធម្មតាមានកម្ពស់ក្នុងរង្វង់០.៩០ ម៉ែត្រ និងអាចលើស១ម៉ែត្របន្តិចក្នុងមួយឆ្នាំមានមួយថ្ងៃ។ កាលពីក្នុងឆ្នាំ២០១៦ ខែ១២ ទឹក សមុទ្របានជោរដល់កម្ពស់១.២២ម៉ែត្រ ធ្វើឱ្យហូរហៀរកាត់លើទំនប់ទឹកប្រៃធ្វើឱ្យខូចដំណាំស្រូវ។ ទឹកសមុទ្រជោរខ្ពស់បែបនេះកើតមានឡើងក្នុងរយៈពេលបីទៅបួនឆ្នាំទើបកើតមានម្តង។
លោកប្រធានមន្ទីរនិយាយឱ្យដឹងទៀតថា នៅថ្ងៃនេះតាមការព្យាករណ៍ កម្ពស់ទឹកសមុទ្រជោរមានកម្ពស់១.០៥ម៉ែត្រ ដោយធម្មតាពេលជោរឡើងដល់កម្រិត ទឹកចាប់នាចទៅវិញ តែនៅថ្ងៃនេះទឹកជោរដល់កម្ពស់១.០៥ម៉ែត្រហើយមិននាច ទៅវិញភ្លាមៗ គឺនៅនឹងតាមព្រែក អូរ និង ប្រឡាយដោះទឹកក្នុងទីក្រុងរយៈពេល រហូតពីបីទៅបួនម៉ោងយ៉ាងចម្លែក ។ ទោះជាយ៉ាងណាទឹកជោរខុសប្រក្រតី នេះ មិនបានហូរហៀរលើខ្នងទំនប់ការពារទឹកប្រៃនៅឡើយទេ ។
ចំណែក លោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និង នេសាទព្រះសីហនុ ក៍បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៣តុលានេះដែរថា រាល់ឆ្នាំទឹកសមុទ្រជោរខ្លាំងនៅក្នុងខែ១១និងខែ១២ ។ ទឹកសមុទ្រជោរនាចធម្មតាក្នុងរង្វង់០.៦០ម៉ែត្រ តែដល់ក្នុងខែកក្តឹកបែបនេះ ទឹកជោរដល់រង្វង់មួយម៉ែត្រ ឬ លើសមួយម៉ែត្រ ។ ទឹកជោរខ្ពស់មានអំណោយផលល្អដល់ព្រៃកោងកាង តែមិនល្អដល់ដំណាំផ្សេងៗនោះទេ៕