នៅមុនពេលព្យុះទី១៨ឈ្មោះ«ម៉ូឡាវ(Molave)» ដែលអ្នកជំនាញខាងឧតុនិយមប្រកាសថានឹងចូលមកដល់ប្រទេសហ្វីលីពីននៅថ្ងៃទី២៥ តុលានេះ អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាពលរដ្ឋជិត១៨០០នាក់ ដើម្បីគេចពីព្យុះដែលចេញពីមហាសមុទ្រប៉ាស៊ីហ្វិកនេះ ។
បើតាម Reuters អាជ្ញាធរហ្វីលីពីនក៍បានប្រកាសប្រាប់ពលរដ្ឋរស់នៅក្នុងខេត្តនៃតំបន់ Bicol និង Calabarzon ឲ្យមានការប្រុងប្រយ័ត្ននៅពេលវាធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងកោះ Luzon ។
ដោយឡែក បើតាមក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជានោះវិញ ក៍បានប្រកាសឲ្យអាជ្ញាធរនិងពលរដ្ឋរស់នៅតំបន់ជួរភ្នំដងរែក ភូមិភាគឦសាន និងតំបន់វាលទំនាប បង្កើនកាប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋរស់នៅខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ និង ខេត្តសៀមរាប ។
បើតាមការប្រកាសនៅថ្ងៃអាទិត្យនេះ ក្រសួងជំនាញបានពន្យល់ថា ព្យុះ«ម៉ូឡាវ»នឹងចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។
ក្រសួងធនធានទឹកបញ្ជាក់និងពន្យល់ទៀតថា វិសម្ពាធនិសម្ពាធទាបនេះ នឹងធ្វើឲ្យតំបន់និងខេត្តមួយចំនួនរបស់កម្ពុជាខាងលើ អាចនឹងមានភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំង ៕