លោក ផៃ ស៊ីផាន ៖ទឹកជន់លិចក្រុងដោយសារប្រព័ន្ឋលូបង្ហូរទឹកមិនមែនមកពីការលុបបឹងទេ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផា​ន បាន​ថ្លែង​ថា «​ទឹកជំនន់​ក្នុង​ទីក្រុង គឺ​កើត​មាន​ដោយសារ​ប្រព័ន្ធ​លូ​បង្ហូរទឹក​មិនមែន​មក​ពី​ការ​លុប​បឹង​នោះ​ទេ​។​»​។​

​ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផា​ន ខាងលើ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ តុលា​ម្សិលមិញ នៅ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ VOD ជុំវិញ​រាជរដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តា​មោក​ជាង​១០​ហិ​កតា​ទៀត ប្រគល់​ជូន​លោកស្រី ជា សុ​ផា​ម៉ា​ដែន ប្រធាន​ក្រុមហ៊ុន The Park Development ដែល​មា​នទី​តាំងនៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។​

​សូម​បញ្ជាក់​ថា រាល់​ការ​ជន់​លិច​ទឹកភ្លៀង​នៅ​ក្នុង​រាជ​ធ​នី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៍​ដូច​ជា​ពេល​កន្លង​មក ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ស្តីបន្ទោស​ទៅ​លើ​អាជ្ញាធរ​ដែល​អនុញ្ញាត​ឲ្យ​មានការ​លុប​បឹង​នានា​ដែល​ជា​អាង​ស្តុក​ទឹក​សម្អុយ​ដូច​ជា​បឹង​ត្របែក បឹង​កក់ បឹង​ទំពុន បឹង​ផា​យ៉ាប ជាដើម ។​

​យ៉ាងណា​នូវ​រាល់​ការ​ស្តីបន្ទោស​របស់​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​ខាងលើ ក៍​ត្រូវ​បានការ​បដិសេធ​ភ្លាម​ៗ​ដែរ​ពី​អាជ្ញាធរ​ជំនាញ ដូច​ជា​ថា​ទឹក​ជន់​លិច​ដោយសារ​ភ្លៀង​ខ្លាំង​ពេក ភូមិសាស្ត្រ​ភ្នំពេញ​មាន​រាង​ជា​បាតខ្ទះ ជា​ពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើងជា​ច្រើន​ដង​ដែរ​ថា ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ គឺ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ល​ពិភពលោក ហើយ​ថា​មិនមែន​តែ​កម្ពុជា​ទេ​ដែល​លិច សូ​ម្បី​អា​មេ​រិ​ក បារាំង និង​ជប៉ុន​ជាដើម​ក៍​លិច​ដូច​គ្នា​ដែរ ៕