កន្លងមកប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន បានរិះគន់លើការសាងសង់ឬជួសជុលផ្លូវថ្នល់នានាថា ធ្វើឲ្យតែបានៗ មិនត្រូវតាមស្តង់ដារបច្ចេកទេស ដោយផ្លូវខ្លះធ្វើមុខខូចក្រោយ ជួសជុលពីក្រោយ ខូចខាងមុខ ដោយទម្លាក់ខុសនេះទៅលើក្រុមហ៊ុន ឬ អង្គភាពពាក់ព័ន្ឋ ពិសេសក្រសួងសាធារណការនិងដឹកជញ្ជូនផ្ទាល់តែម្តង ។
យ៉ាងណាការរិះគន់ដែលសំដៅដល់ការប្រព្រឹត្តិអំពើពុករលួយនៅពីក្រោយការសាងសង់ ឬ ជួសជុលផ្លូវគ្មាគុណភាពខាងលើនេះ ទំនងជាលែងកើតមានទៀតហើយ ។ លែងកើតមានដោយសារតែកាលពីថ្ងៃទី២៨ តុលា ២០២០ នៅកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុង-ខេត្តសៀមរាបចំនួន៣៨ខ្សែ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងព្រមានទុកជាមុនថា«
ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។»។
សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែប្រវែងសរុប១០០គីឡូម៉ែត្រ នៅក្រុង-ខេត្តសៀមរាបដែលនឹងចំណាយថវិកា១៥០លានដុល្លារនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី១៦ វិច្ឆិកា ២០២០ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ។
បើតាមលោក ស៊ុន ចាន់ថុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និង បញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋក៏ដូចជាឯកជនក្តី ត្រូវសហការគ្នាឱ្យបាន ជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ ៕