ការរិះគន់ការធ្វើផ្លូវ«ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង»ទំនងជាលែងមានទៀតហើយ

កន្លង​មក​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​មួយ​ចំនួន បាន​រិះគន់​លើ​ការ​សាងសង់​ឬ​ជួសជុល​ផ្លូវថ្នល់​នានា​ថា ធ្វើ​ឲ្យ​តែ​បាន​ៗ មិន​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ដោយ​ផ្លូវ​ខ្លះ​ធ្វើ​មុខខូច​ក្រោយ ជួសជុល​ពីក្រោយ ខូច​ខាង​មុខ ដោយ​ទម្លាក់​ខុស​នេះ​ទៅ​លើ​ក្រុមហ៊ុន ឬ អង្គភាព​ពាក់​ព័​ន្ឋ ពិសេស​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ផ្ទាល់​តែ​ម្តង ។​

​យ៉ាងណា​ការ​រិះគន់​ដែល​សំដៅ​ដល់​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នៅ​ពីក្រោយ​ការ​សាងសង់ ឬ ជួសជុល​ផ្លូវ​គ្មា​គុណភាព​ខាងលើ​នេះ ទំនងជា​លែង​កើត​មាន​ទៀត​ហើយ ។ លែង​កើត​មាន​ដោយសារ​តែ​កាលពី​ថ្ងៃ​ទី​២៨ តុលា ២០២០ នៅ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​-​ខេត្តសៀមរាប​ចំនួន​៣៨​ខ្សែ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ព្រមាន​ទុកជា​មុន​ថា​«
​ប្រសិនបើ​អង្គភាព​សាងសង់​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​របស់​ខ្លួន មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​សៀវភៅ​បន្ទុក អង្គភាព​នោះ​នឹង​មិន​ទទួល​បានការ​ទូទាត់​ប្រាក់​ជា​ដាច់ខាត​។​»​។​

​សូម​បញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​ប្រវែង​សរុប​១០០​គីឡូម៉ែត្រ នៅ​ក្រុង​-​ខេត្តសៀមរាប​ដែល​នឹង​ចំណាយ​ថវិកា​១៥០​លាន​ដុល្លារ​នេះ គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃ​ទី​១៦ វិច្ឆិកា ២០២០ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ។​

​បើ​តាម​លោក ស៊ុន ចាន់​ថុ​ល ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ នឹង​ត្រូវ​សាងសង់ ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ បែងចែក​ជា​កំណាត់​ៗ ប្រកបដោយ​ភាព​បត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​កៅស៊ូ​សម​ស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការ​ដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោត​ជា​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព និង​បញ្ចប់​គម្រោង​បាន​ទាន់​ពេលវេលា​តាម​ការ​គ្រោងទុក​។​

​លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដើម្បី​ទទួល​បាន​ផ្លូវ​មានគុណ​ភាព​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស និង បញ្ចប់​គម្រោង​តាម​ការ​គ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ​ក៏​ដូច​ជា​ឯកជន​ក្តី ត្រូវ​សហការ​គ្នា​ឱ្យ​បាន ជិត​ស្និទ្ធ​ក្នុង​ទិស​ដៅ​តែ​មួយ ពោល​គឺ​៖ សាងសង់​ផ្លូវ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​គុណ​ភាពរឹងមាំ និង​បញ្ចប់ គម្រោង​តាម​ផែនការ ដោយ​ប្រើប្រាស់​សម្ភារ​មាន​ស្តង់ដារ និង​ការ​ផ្គត់ផ្គង់​សម្ភារ​បាន​ទាន់​តម្រូវការ​ផង​ដែរ ៕