នារីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្ទាប់ពីជនសង្ស័យបានឡើងជិះរថយន្តរបស់គេយកទៅបាត់មួយយប់ ហើយភ្លឺឡើងយកមកប្រគល់ឲ្យសមត្ថកិច្ចវិញដោយប្រាប់ថា នាងច្រឡំ ។
ប្រភពបន្តថា ជនរងគ្រោះដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា រូបគាត់បានបាត់រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងដែលទុកនៅកន្លែងចតរថយន្ត រួចហើយចូលរាំលេងក្នុងក្លិបកម្សាន្ត EPIC1 លុះចេញមកវិញបានទៅយករថយន្ត តែរកមិនឃើញក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ វិច្ឆិកា ២០២០ នៅចំណុចក្លិបកម្សាន្ត អេភិច-១ (EPIC-1) មានទីតាំងស្ថិតនៅខាងជើងស្ថានទូតរុស្សី ផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តដែលត្រូវបានគេលួចយកទៅបាត់នោះ ម៉ាក TOYOTA PRIUS (តូយ៉ូតាព្រូស) ពណ៌ទឹកមាស ពាក់ស្លាកលេខតាកែវ 2B-3336 កម្មសិទ្ធិករឈ្មោះ ជាតិ ច័ន្ទតុលា មានអាសយដ្ឋាននៅភូមិស្នោសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ជនរងគ្រោះបន្ថែមទៀតថា ក្នុងរថយន្តមានទ្រព្យសម្បត្តិមានតម្លៃមួយចំនួន ដូចជាលុយខ្មែរ៦លាន៨សែនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត ។ ក្រោយដឹងថា រថយន្តខ្លួនបាត់ ជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លុះដល់ព្រឹកឡើង ថ្ងៃទី០២ វិច្ឆិកា ២០២០នេះ ស្រាប់តែនារីជាជនសង្ស័យដែលសមត្ថកិច្ចមិនទាន់ប្រាប់ពីអត្តសញ្ញាណ បានបើករថយន្តខាងលើយកមកប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីយកមកឲ្យសមត្ថកិច្ច និងរកម្ចាស់វិញ ដោយប្រាប់សមត្ថកិច្ចនិងម្ចាស់រថយន្តខាងលើថា ខ្លួនច្រឡំរថយន្តរបស់ខ្លួន(រថយន្តរបស់នារីសង្ស័យម៉ាកបាឡែន) ទើបយកមកប្រគល់ឱ្យសមត្ថកិច្ចនិងរកម្ចាស់វិញ ។
យ៉ាងណាក៍ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនបន្តមកឃុំនិងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ក្រោយហេតុការណ៍នេះកើតឡើង មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា រថយន្តម៉ាក toyota prius គេប្រើឈីប ហេតុអី្វបានចាក់សោររថយន្តត្រូវនិងបើកចេញទៅស្រួលៗម្ល៉េះ ប៉ុន្តែក៍មានការលើកឡើងដែរថា ចុះបើនាងជាចោរ ហេតុអីបានជាយករថយន្តមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីរកម្ចាស់វិញ ? ។
ចុះ លោកអ្នកអាន យល់ឃើញបែបណាដែរ ជុំវិញករណីខាងលើ ? ៕