ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿង ដឹកគ្រឿងញៀនចំនួន២ការ៉ុង ស្មើនឹង៤២ កញ្ចប់ មានទម្ងន់ជាង៤១គីឡូក្រាម ត្រូវបានយោធាម្នាក់ល្បាត នៅតំបន់ព្រំដែនកម្ពុជា ឡាវ ប្រទះឃើញក្បែរបន្ទាយរបស់ខ្លួន ខណៈជនសង្ស័យបានជិះម៉ូតូដួលនិងទុកទាំងម៉ូតូនិងគ្រឿងញៀនរួចរត់គេច្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ តុលា ២០២០ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ។
ក្រោយប្រទះឃើញគ្រឿងញៀននិងវត្ថុតាងមួយចំនួនទៀត ដូចជាម៉ូតូជាដើមនោះ នគរបាលប្រឆាំងគ្រឿងញៀនបានបើកការស្រាវជ្រាវ ហើយក៍ឈានទៅឃាត់ខ្លួនមេបញ្ជាការរង យោធា ស្រុកបុរីអូរស្វាយសែនជ័យ រួមនឹងគ្រឿងញៀន២គីឡូក្រាមទៀត ។
ការឃាត់ខ្លួនមេបញ្ជាការរងយោធាស្រុកឈ្មោះ អ៊ុក ដំកើង អាយុ៤៤ឆ្នាំ បានធ្វើឡើងនៅចំណុចអាហារដ្ឋាន ម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្រះឫស្សីក្រុង-ខេត្តស្ទឹងត្រែង កាលពីម៉ោង ៩ យប់ថ្ងៃទី៣០ តុលា ២០២០ ។
នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាប់ខ្លួនមេខ្លោងនិងអ្នកពាក់ព័ន្ឋ ។ ចំណែកលោកមេបញ្ជាការរងយោធាស្រុកបុរីអូរស្វាយសែនជ័យខាងលើនិងវត្ថុតាងគ្រឿងញៀនសរុបជាង៤៣គីឡូក្រាម(បូកទាំងគ្រឿងញៀនរបស់ឈ្មោះ អ៊ុក ដំកើង ២គីឡូក្រាមទៀត ដែលជនសង្ស័យនេះបានដកពីគ្រឿងញៀន២ការ៉ុង ស្មើនឹងជាង៤១គីឡូក្រាមខាងលើ) រួមនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីចាត់ការបន្តតាមច្បាប់ ៕