យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូបុកគ្នាជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ស្លាកលេខន.ប ហើយក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ។
គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣១ តុលា ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិ-ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ស៊ិញ ឆស៊ិង អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដា CBR ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HU.1424 ក្នុងគោលដៅពីភ្នំពេញទៅអ្នកលឿង ។
ចំណែក អ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ផ្លាកលេខ នគរបាល 2-5553 ទិសដៅពីអ្នកលឿងទៅភ្នំពេញ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនបានស្រមោល បន្សល់ទុករថយន្ត ហើយនៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានទៅចាប់ខ្លួនអ្នកបើកបររថយន្តឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ។
នេះសំណាងហើយដែលអ្នកបើកបររថយន្តមិនចុះបិតស្លាកលេខរួចបើករត់ ដូចករណីលោកផ្កាយ៣ម្នាក់ បើករថយន្ត Luxus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BK-៧៧៩៩ បុកម៉ូតូកាលពីម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី១៦ តុលា ២០២០ ចំណុចផ្លូវលេខ៣៣១ កែងផ្លូវ ៥៧៤ ស្ថិតនៅប៉ែកខាងលិច វិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក្រោយបង្កហេតុបានបិតស្លាកលេខបើករត់ដោយសមត្ថកិច្ចមូលដ្ឋានមិនហ៊ានឃាត់ព្រោះជាមេរបស់ខ្លួន ទុកតែកូនចៅឲ្យនៅរង់ចាំដោះស្រាយនៅកន្លែងកើតហេតុ៕