សុំយោបល់ ! ខ្លួនជិះរថយន្តបាឡែន បែរជានាងឡើងជិះរថយន្តព្រូសរបស់គេយកទៅបាត់

នារី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បន្ទាប់​ពី​ជនសង្ស័យ​បាន​ឡើង​ជិះ​រថយន្ត​របស់​គេ​យក​ទៅ​បាត់​មួយ​យប់ ហើយ​ភ្លឺ​ឡើង​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​វិញ​ដោយ​ប្រាប់​ថា នាង​ច្រឡំ ។​

​ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​បាត់​រថយន្ត​ម៉ាក TOYOTA PRIUS មួយ​គ្រឿង​ដែល​ទុក​នៅ​កន្លែង​ចត​រថយន្ត រួច​ហើយ​ចូល​រាំ​លេង​ក្នុង​ក្លិប​កម្សាន្ត EPIC1 លុះ​ចេញ​មក​វិញ​បាន​ទៅ​យក​រថយន្ត តែ​រក​មិនឃើញ​ក៏​សួរនាំ​សន្តិសុខ ស្រាប់តែ​សន្តិសុខ​ប្រាប់​មក​វិញ​ថា មាន​នារី​ម្នាក់​បើក​យក​ចេញ​ទៅ​បាត់​ហើយ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​ជិត​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២០ នៅ​ចំណុច​ក្លិប​កម្សាន្ត អេ​ភិ​ច​-១ (EPIC-1) មាន​ទីតាំង​ស្ថិត​នៅ​ខាងជើង​ស្ថានទូត​រុ​ស្សី ផ្លូវ​រដ្ឋសភា ក្រុម​១១៣ ភូមិ​១៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​រថយន្ត​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​បាត់​នោះ ម៉ាក TOYOTA PRIUS (​តូ​យ៉ូ​តា​ព្រូស​) ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​តាកែវ 2B-3336 កម្មសិទ្ធិករ​ឈ្មោះ ជាតិ ច័ន្ទ​តុលា មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្នោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​ជន​រង​គ្រោះ​បន្ថែម​ទៀត​ថា ក្នុង​រថយន្ត​មានទ្រព្យ​សម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន ដូច​ជា​លុយ​ខ្មែរ​៦​លាន​៨​សែន​រៀល និង​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ ក្រោយ​ដឹង​ថា រថយន្ត​ខ្លួន​បាត់ ជន​រង​គ្រោះ​ក៍បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​លុះដល់​ព្រឹក​ឡើង ថ្ងៃ​ទី​០២ វិច្ឆិកា ២០២០​នេះ ស្រាប់តែ​នារី​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ បាន​បើករថយន្ត​ខាងលើ​យក​មក​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​យក​មក​ឲ្យ​សមត្ថកិច្ច និង​រក​ម្ចាស់​វិញ ដោយ​ប្រាប់​សមត្ថកិច្ច​និង​ម្ចាស់​រថយន្ត​ខាងលើ​ថា ខ្លួន​ច្រឡំ​រថយន្ត​របស់​ខ្លួន​(​រថយន្ត​របស់​នារី​សង្ស័យ​ម៉ាក​បា​ឡែ​ន​) ទើប​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​និង​រក​ម្ចាស់​វិញ ។​

​យ៉ាងណា​ក៍ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​បន្ត​មក​ឃុំ​និង​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា រថយន្ត​ម៉ាក toyota prius គេ​ប្រើ​ឈី​ប ហេតុ​អី្វ​បាន​ចាក់សោរ​រថយន្ត​ត្រូវ​និង​បើក​ចេញ​ទៅ​ស្រួល​ៗ​ម្ល៉េះ ប៉ុន្តែ​ក៍​មានការ​លើក​ឡើង​ដែរ​ថា ចុះបើ​នាង​ជា​ចោរ ហេតុ​អី​បានជា​យក​រថយន្ត​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​រក​ម្ចាស់​វិញ ? ។​

​ចុះ លោក​អ្នក​អាន យល់​ឃើញ​បែប​ណា​ដែរ ជុំវិញ​ករណី​ខាងលើ ? ៕