អត់លុយចាយនិងគ្មានកន្លែងស្នាក់ បង្ខំចិត្តទិញស្បង់ចីពរគ្រងដើរបិណ្ឌបាត្រ

បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២០​នេះ ក្រោយ​ជន​នេះ​បាន​ដើរ​បិណ្ឌ​បាត្រ​ខុស​ម៉ោង​ពេល ។​

​ជន​ដែល​បន្លំ​ធ្វើ​ជា​សង្ឃ​នោះ ត្រូវ​សមត្ថកិច្ច​ប្រាប់​ថា ឈ្មោះ អ៊ិ​ន ទេព ហៅ​សាយ អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​

​បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​ស្រង់​សម្តី​ពលរដ្ឋ​មុន​ពេល​ឃាត់ខ្លួន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​សង្ស័យ​បន្លំ​ជា​ព្រះសង្ឃ​ស្លៀកពាក់ និង​ដើរ​បិណ្ឌ​បាត្រ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ប្រាប់​ថា មានបុណ្យ​ផ្កា​នៅ​វត្ត​ឆ្ងាយ​ខ្វះខាត លុយ​សាងសង់ ហើយ​ពលរដ្ឋ​សង្ស័យ​ថា​ជា​ជន​ឆបោក​ក៍​ប្តឹង​ទៅ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។​

​ជន​នេះ បាន​ប្រាប់​ប៉ូលិស​ថា គាត់​មិនមែន​ព្រះសង្ឃ​ពិតប្រាកដ​ទេ គ្រាន់តែ​អត់​លុយ​ចាយ គ្មាន​កន្លែង​ស្នាក់​នៅ ក៏​បន្លំ​ទៅ​ទិញ​ស្បង់​លោក​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​មួយ​ឈុត​តំលៃ​៩​ម៉ឺន​រៀល ហើយ​ដើរ​បិណ្ឌ​បាត្រ​បាន​រយៈពេល​៣​ដង​ហើយ ក្នុង​១​ថ្ងៃ​ដើរ​បិណ្ឌ​បាត្រ​បាន​លុយ​៥​ទៅ​៧​ម៉ឺន​រៀល តែ​ដើរ​បិណ្ឌ​បាត្រ​លើក​ទី​៣ បាន​លុយ​តែ​៩​ពាន់​រៀល ក៏​ត្រូវ​នគរបាល​ឃាត់​អប់រំ​តែ​ម្ដង​ទៅ ។​

បើតាម FN ​ក្រោយ​ឃាត់ខ្លួន មន្ត្រី​បាន​ធ្វើការ​អប់រំ និង​ដោះ​ស្បង់​ចេញ​ឲ្យ​ស្លៀកពាក់​ខោអាវ​ធម្មតា​វិញ និង​ណែនាំ​បញ្ឈប់​ការ​ប្រព្រឹត្ត​អំពើ​បំផ្លាញ​សាសនាព្រះពុទ្ធ និង​ឲ្យ​កែប្រែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​ឡើង​វិញ និង​បាន​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕