ជនជាតិចិន៤នាក់ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីផ្ទុះអាវុធ និងបង្កហិង្សាដោយចេតនា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ វិច្ឆិកា ២០២០ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អំពីករណីហិង្សាខាងលើ។ បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងជំនាញផែនការការនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសាកសួរព័ត៌មាននៅជុំវិញកន្លែងកើតហេតុ ទើបដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ០២នាក់ (ម្នាក់របួសធ្ងន់) កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ចបានទៅស្វែងរកជនរងគ្រោះទាំង០២នាក់។
បន្ទាប់ពីធ្វើការសាកសួរលម្អិតអំពីហេតុការរួចមក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បាន អត្តសញ្ញាណរបស់ជនសង្ស័យ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការចូលរួមសហការ ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៤ កម្លាំងសមត្ថកិច្ចបានតាមចាប់ឃាត់ខ្លួនជនសង្ស័យ បានសរុបចំនួន០៤នាក់ ជាបន្តបន្ទាប់។
ជនសង្ស័យទាំង០៤នាក់ រួមមាន ទី១៖ ឈ្មោះ JIANG NAN អាយុ៣៥ឆ្នាំ មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ, ទី២៖ ឈ្មោះ RAN SHUBING អាយុ៤៧ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ, ទី៣៖ ឈ្មោះ LI XIN អាយុ៤០ឆ្នាំ មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី) និងទី៤៖ ឈ្មោះ WANG YAWEI អាយុ២៨ឆ្នាំ។
ដោយឡែក ជនរងគ្រោះទាំង០២នាក់ ទី១៖ឈ្មោះ Li Hai Yang អាយុ៣៨ឆ្នាំ មុខរបរ ម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ រងរបួសស្រាល និងទី២៖ឈ្មោះ SONG WEN LONG អាយុ៣៣ឆ្នាំ មុខរបរអចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ រងរបួសធ្ងន់។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន អាវុធខ្លី០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ, បង់កាំភ្លើង០១, គ្រាប់ ៩មីល្លីម៉ែត្រ ចំនួន១៦គ្រាប់, ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង), រថយន្ត០៣គ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2BF-6807, ម៉ាក TUNDRA ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2AE-2004 និងម៉ាក Highlander ពណ៌ស ផ្លាកលេខភ្នំពេញ2AK-5931។
ករណីនេះកើតឡើងដោយសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នា រហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង។ ខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានអាវុធខ្លីជាប់ខ្លួន ក៏បានដកមកគំរាម ហើយជនរងគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើង ផ្ទុះចំនួន០១គ្រាប់តែម្ដង។ បច្ចុប្បន្នកម្លាំងកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ប្រភព ៖ Fresh News