នារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូធ្លាក់ជង្ហុកដែលមានទឹកដក់ដែលបន្សល់ពីជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ហើយបានដួលលើទ្រូងផ្លូវត្រូវបានរថយន្តមកពីក្រោយកិនបន្ថែម ។
ហេតុការណ៍អកុសលនេះ បានកើតឡើងកាលពីម៉ោងជាង៤រសៀលថ្ងៃទី០២ វិច្ឆិកា ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បើតាមប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា នារីរងគ្រោះឈ្មោះចិន្ត សុខហេង អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រាំគង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកប៊ីត ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ តាកែវ1V-3095 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ បានធ្លាក់ជង្ហុកបណ្តាលឲ្យដួលម៉ូតូ ចៃដន្យមានរថយន្តយីឌុបមិនចាំផ្លាកលេខ បើកមកពីក្រោយគេចមិនទាន់ ក៏កិននារីរងគ្រោះថែម បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ រីឯរថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រណៃណី នៅស្រុកកំណើត។ ចំណែក រថយន្តបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនអ្នកបើកបរមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
ក្រោយកើតហេតុ មជ្ឈដ្ឋានមួយចំនួនបាននិយាយថា ការស្លាប់របស់នារីខាងលើ ជាកំហុសរបស់នារីរងគ្រោះខ្លួនឯងដែលជិះមិនប្រុងប្រយ័ត្ន ខ្លះទម្លាក់កំហុសលើអាជ្ញាធរមូលដ្ឋានថាមិនយកចិត្តទុកដាក់ក្នុងការដាក់តម្រុយប្រាប់ពីគ្រោះថ្នាក់នៅកន្លែងមានជង្ហុក ខ្លះទៀតទម្លាក់បញ្ហានេះទៅលើអ្នកបើកបររថយន្ត និងមួយចំនួនតូចបាននិយាយលេងសើចដោយបន្ទោសទៅលើធម្មជាតិ«ភ្លៀង» ..។
ចុះលោកអ្នកអានយល់ឃើញបែបណាដែរ ជុំវិញការស្លាប់របស់នារីរងគ្រោះ ? ៕