នារីម្នាក់ស្លាប់ តើជាកំហុសរបស់អ្នកណាពិតប្រាកដ ?

នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដែល​មានទឹក​ដក់​ដែល​បន្សល់​ពី​ជំនន់​ទឹកភ្លៀង​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ដួល​លើ​ទ្រូងផ្លូវ​ត្រូវ​បាន​រថយន្ត​មក​ពីក្រោយ​កិន​បន្ថែម ។​

​ហេតុការណ៍​អកុសល​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។​

​បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា នារី​រង​គ្រោះ​ឈ្មោះ​ចិ​ន្ត សុខ​ហេង អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រាំ​គង់ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ត​ហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ប៊ីត ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ​1V-3095 ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ចៃដន្យ​មាន​រថយន្ត​យី​ឌុ​ប​មិន​ចាំ​ផ្លា​ក​លេខ បើក​មក​ពីក្រោយ​គេច​មិន​ទាន់ ក៏​កិន​នារី​រង​គ្រោះ​ថែម បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អាធ័ម ។ រីឯ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​ស្រមោល​ ។​

​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ណី នៅ​ស្រុក​កំណើត​។ ចំណែក រថយន្ត​បង្ក សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​នាំ​ខ្លួន​អ្នកបើកបរ​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​

​ក្រោយ​កើតហេតុ មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​និយាយ​ថា ការ​ស្លាប់​របស់​នារី​ខាងលើ ជា​កំហុស​របស់​នារី​រង​គ្រោះ​ខ្លួនឯង​ដែល​ជិះ​មិន​ប្រុង​ប្រយ័ត្ន ខ្លះ​ទម្លាក់​កំហុស​លើ​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ដាក់​តម្រុយ​ប្រាប់​ពី​គ្រោះថ្នាក់​នៅ​កន្លែង​មាន​ជង្ហុក ខ្លះ​ទៀត​ទម្លាក់​បញ្ហា​នេះ​ទៅ​លើ​អ្នកបើកបរ​រថយន្ត និង​មួយ​ចំនួន​តូច​បាន​និយាយ​លេងសើច​ដោយ​បន្ទោស​ទៅ​លើ​ធម្មជាតិ​«​ភ្លៀង​» ..​។

ចុះ​លោក​អ្នក​អាន​យល់​ឃើញ​បែប​ណា​ដែរ ជុំវិញ​ការ​ស្លាប់​របស់​នារី​រង​គ្រោះ ? ៕