ព្យុះទី១៩«ហ្គោនី» ប្តូរទិសបន្តិច ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២០ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក តំបន់​ខ្ពង់រាប​ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​វៀតណាម អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ និង​បណ្តា​រាជធានី ខេត្ត​ផ្សេង​ទៀត អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។​

​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​របស់​ប្រទេស​កម្ពុជា​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។​

​បើ​តាម​សេចក្តី​ប្រកាស​ដដែល​បាន​ពន្យល់​ថា មូលហេតុ​ដែល​រាជធានី ខេត្ត​នៅ​តំបន់​ខាងលើ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​នេះ ដោយសារ ព្យុះ​ទី ១៩ ឈ្មោះ ហ្គោ​នី (GONI) បាន និង​កំពុង​ស្ថិត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ។​

​តាម​ការ​ព្យាករ​ព្យុះ​នេះ​បាន​ប្តូរ​ទិស​ដៅ​បន្តិច​ចូល មក​ផ្នែក​ខាងលើ​នៃ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ដោយ​ថមថយ​ឥទ្ធិពល​ទៅ​ជា វិ​សម្ពាធ​(Tropical Depression)​ថ្ងៃ​ទី​៥​ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយ​បន្ទាប់​មក​ជា​សម្ពាធ​ទាប (Low Pressure) នៅ​ពេល​ចូល​មក ដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ យប់​ថ្ងៃ​ទី​០៥​ខែវិច្ឆិកា​ឆ្នាំ​២០២០ ៕