ការបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាជាមួយវៀតណាមនៅខេត្តព្រៃវែង ក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានភាគីទាំងពីរបានសម្រេចបោះបញ្ចប់ជាស្ថាពរហើយ ។
នេះបើយោងតាមលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការកិច្ចការព្រំដែន ដែលសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងក្រោយរដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃម្សិលមិញនេះ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកដដែលលោកស្រី កុយ ពិសី បានសរសេរថា«+សូមអបអរសាទរចំពោះជាតិមាតុភូមិកម្ពុជា ពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបញ្ចប់បានទាំងស្រុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកកម្ពុជាជាមួយនឹងវៀតណាមនៅខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ នេះជាសមិទ្ឋផលប្រវត្តិសាស្ត្រលើកដំបូង សម្រាប់កម្ពុជាដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតក គ្រប់ជំនាន់តទៅ។
+សូមអរគុណដល់មន្ត្រីព្រំដែន និងស្ថាប័នពាក់ព័ន្ឋដែលខិតខំទម្លុះទម្លាយគ្រប់ឧបសគ្គ តស៊ូក្រាញននៀលដើម្បីសម្រេចបាននូវផ្លែផ្កានាថ្ងៃនេះ។
+សូមអរគុណសន្តិភាព អរគុណសម្តេចតេជោសែន និងថ្នាក់ដឹកនាំ CPP ដែលយកជិវិតធ្វើដើមទុនដើម្បីយើងមានថ្ងៃនេះ។» ។
បច្ចុប្បន្ន កម្ពុជានិងវៀតណាម បានធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នា បាន៨៤ភាគរយហើយ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនទីថ្មី មានឈ្មោះជាផ្លូវការថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០ (១លើ២៥ពាន់) នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម។ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទី ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ ផែនទីថ្មីនេះ ត្រូវបានបោះពុម្ពសរុប៥០០ផ្ទាំង ដោយប្រទេសដាណឺម៉ាក។ ២៥០ផ្ទាំង ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ផ្ទាំង ប្រគល់ទៅឲ្យវៀតណាម។ ភាគទាំងពីរ ប្តេជ្ញាចិត្តទាំងអស់គ្នា ថានឹងពន្លឿនឲ្យឆាប់ចប់លើការបោះបង្គោលព្រំដែន១៦ភាគរយទៀត ដែលនៅសល់។
ខេត្ត៦ទៀត ដែលមិនបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម គឺកណ្តាល តាកែវ ស្វាយរៀង កំពត មណ្ឌលគិរី និង រតនគិរី។ អ្នកស្រី កុយ ពិសី ប្រាប់សារព័ត៌មានថ្មីៗថា ការបោះបង្គោលព្រំដែន តាមជាយខេត្តទាំង៦ទៀត គឺរួចរាល់ជាកង់ៗ ដោយមិនទាន់រួចរាល់ទាំងស្រុងនោះទេ។
សូមបញ្ជាក់ថា កម្ពុជា និង វៀតណាម មានព្រំដែនជាប់គ្នាប្រវែងសរុប១២៧០គីឡូម៉ែត្រ ៕