ច្បាប់មាតុភាពឲ្យសម្រាក៣ខែ តែសម្រាលបាន១៣ថ្ងៃ ប្រធានក្រុមហ៊ុន ប៉ា កូ បញ្ឈប់

លោក អ៊ួ​ង អាន ប្រធាន​ក្រុមហ៊ុន ប៉ា កូ អ៊ី​ម​ផត អិ​ច​ផត (PA KO IMPORT EXPORT CO , LTD) មាន​ទីស្នាក់ការ ស្ថិត​នៅផ្ទះ​លេខ​៣១ ផ្លូវ​លេខ​១០៧ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បញ្ឈប់​ស្ត្រី​ម្នាក់​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ក្រោយ​សម្រាលកូន​បាន​១៣​ថ្ងៃ ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ ទោះបី​មានច្បាប់​មាតុភាព​រយៈពេល​៣​ខែ​ក៏​ដោយ ។​

​ក្រោយ​ការ​បញ្ឈប់​ដោយ​អយុត្តិធម៌ , ស្ត្រី​រូប​នេះ បាន​ប្តឹង​ទៅ​ក្រសួង​ការងារ និង តុលាការ រហូត​ចេញ​សាលក្រម​ស្ថាពរ ដោយ​សម្រេច​អោយ​ក្រុមហ៊ុន ប៉ា កូ សង​ប្រាក់​ដល់​ស្ត្រី​រូប​នេះ តាម​ច្បាប់ តែ​ប្រធាន​ក្រុមហ៊ុន មិន​អនុវត្ត​តាម​ច្បាប់​នេះ​ឡើយ ។​

​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌ នេះ មានឈ្មោះ សន ស៊ី​ម៉ា អាយុ​៣២​ឆ្នាំ ថ្លែងប្រាប់ CPC NEWS នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ថា រហូត​មក​ទល់​ពេល​នេះ លោក អ៊ួ​ង អាន ប្រធាន​ក្រុមហ៊ុន ប៉ា កូ អ៊ី​ម​ផត អិ​ច​ផត (PA KO IMPORT EXPORT CO , LTD) មិន​ទាន់​បាន​សង​សំណង តាម​រយៈ​ការ​សម្រេច​ជា​ស្ថាពរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឡើយ ។​

​ដោយសារ​តែ​ប្រធាន​ក្រុមហ៊ុន​រូប​នេះ មិន​អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ នេះ​ហើយ ទើប​លោកស្រី សូម​អោយ​ខាង​សារព័ត៌មាន ជួយ​ផ្សាយ​រឿង​អយុត្តិធម៌ នេះ ជូន​ដល់​មហាជន ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ជួយ​រក​យុត្តិធម៌ ផង ។​

​ក្នុង​សាលក្រម កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ លោក ធ្ធាំ ប៊ុ​ណ្ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​អោយ​ចុង​ចម្លើយ គឺ លោក អ៊ួ​ង អាន ប្រធាន​ក្រុមហ៊ុន ប៉ា កូ អ៊ី​ម​ផត អិ​ច​ផត (PA KO IMPORT EXPORT CO , LTD) ទូទាត់​ប្រាក់​ដូច​ខាងក្រោម ៖

​ក​.​ប្រាក់​ជួស​ការ​ជូនដំណឹង​ចំនួន​១​ខែ​ស្មើនឹង​២.៥០០​ដុល្លារ​អា​មេ​រិ​ក ។​

​ខ​.​ប្រាក់​ដំណាច់​អតីតភាព​ការងារ​រយៈពេល​២​ឆ្នាំ (២០១៨​និង​២០១៩) ស្មើនឹង​២.៥០០​ដុល្លារ​អា​មេ​រិ​ក ។​

​គ​.​សោហ៊ុយ​ជំងឺ​ចិត្ត ស្មើនឹង​២.៥០០​ដុល្លារ​អា​មេ​រិ​ក ។​

​ឃ​.​ប្រាក់​ជួស​ការ​ឈប់​ប្រចាំឆ្នាំ​ដែល​នៅ​សល់​ចំនួន​១៣​ថ្ងៃ ស្មើនឹង​១.០៨៣​ដុល្លារ​អា​មេ​រិ​ក ។​

២.​ប្រាក់ខែ​៥០% ដែល​ក្រុមហ៊ុន​សន្យា ថា នឹង​បើក​មក​អោយ​ចំនួន​៣​ខែ អំឡុង​ពេល​លំហែ​មាតុភាព ដែល​នៅ​សល់​ចំនួន​២​ខែ​និង​១៥​ថ្ងៃ ស្មើនឹង​៣.១២៥​ដុល្លារ​អា​មេ​រិ​ក ។​

៣.​ប្រាក់ខែ​ទី​១៣ តាម​គោលការណ៍​ក្រុមហ៊ុន ស្មើនឹង​២.៥០០​ដុល្លារ​អា​មេ​រិ​ក ។​

៤.​សំណង​ជំងឺ​ចិត្ត​ដែល​ធ្វើ​អោយ​ប៉ះពាល់​សតិអារម្មណ៍ ផ្លូវ​កាយ​ផ្លូវចិត្ត និង ប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ។​

​លុះដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ លោក លី វ៉ា​ន់​ហេង ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​លិខិតបញ្ជាក់​អំពី​សាលក្រម​រដ្ឋប្បវេណី បាន​ចូល​ជា​ស្ថាពរ ។​

​ស្ត្រី​រង​គ្រោះ សន ស៊ី​ម៉ា សង្កត់ធ្ងន់​ថា «​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​មិនមែន​មិន​មាន​លុយ​សង​លោកស្រី ទេ តែ​គេ​មិន​ព្រម​សង តែ​ម្តង គេ​មិន​ខ្លាច​ច្បាប់ ឡើយ​» ដោយ​លោកស្រី បន្ថែម​ទៀត ថា «​អ្វី​ដែល​ខ្ញុំ​មិន​សុខចិត្ត​គឺ​គាត់​មើលងាយ​អ្នកក្រ ហើយ​គាត់​អាង​តែ​គាត់​មាន​លុយ​គាត់​ហ៊ាន​បំពាន​ច្បាប់​»៕

ប្រភព ៖ CPC