ទឹកដោះម្តាយថ្លៃ ! ក្មេងស្រីអាយុ៣ឆ្នាំ កប់ក្នុងគំនរអគារជាង៩០ម៉ោងមិនស្លាប់

ក្មេង​ស្រី Ayda Gezgin មាន​អាយុ​៣​ឆ្នាំ ត្រូវ​បាន​ក្រុម​សង្គ្រោះ​បាន​ទាញ​ចេញពី​គំនរ​អគារ​រលំ​បាក់បែក បន្ទាប់​ពី​នាង​បាន​ជាប់​នៅ​ប្រលោះ​ទូរ​ទឹកកក​និង​ម៉ាស៊ីនបោកខោអាវ​អស់​រយៈពេល​ជាង​៩០​ម៉ោង ។​

​ភ្លាម​ៗ​អាជ្ញាធរ​តួ​ក​គី​បាន​ប្រកាស​ថា​នាង​នៅ​មានជីវិត​និង​អាច​និយាយ​បាន ហើយ​មិន​បង្អង់​យូរ​ក្រុម​ជួយ​សង្គ្រោះ ក៍បាន​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ខេត្ត Izmir ភាគ​ខាងលិច​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​អង្គារ​នេះ ។​

​យ៉ាងណា​ក៍ដោយ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ ប្រមាណ​២​ម៉ោង​ក្រោយមក ទូរទស្សន៍​តួ​ក​គី​បាន​ប្រកាស​ថា​ម្តាយ​របស់ Ayda Gezgin  បាន​ស្លាប់​នៅ​ក្នុង​អគារ​ដែល​រលំ​ដោយសារ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​កម្លាំង​៧​រិច​ស្ទ័​រ​កាលពី​ស​ប្តា​ហ៍​មុន ។​

​គិត​ត្រឹម​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០២០​នេះ គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​៧​រិច​ស្ទ័​រ ដែល​វាយប្រហារ​ភាគ​ខាងលិច​ប្រទេស​តួ​ក​គី ក្បែរ​សមុទ្រ Aegean កាលពី​រសៀល​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​បណ្តាល​ឲ្យ​មនុស្ស ១០២​នាក់​បាត់បង់​ជីវិត និង ១០២៦​នាក់​រង​របួស ។

គ្រោះ​រញ្ជួយ​ដី​នេះ​ក៍បាន​ធ្វើ​ឲ្យ​អគារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ក្រិ​ក​ក្បែរ​ខាង​តួ​ក​គី​រលំ​និង​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន ក្នុង​នោះ​ក៍​មាន​ក្មេង​សិស្សសាលា​២​នាក់​ផង​ដែរ​  ៕