ភ្នាក់ងារ​កោះសន្តិភាព​ម្នាក់ ប្រចាំ​ខេត្តបាត់ដំបង រង​ការ​គំរាម​បាញ់​សម្លាប់

ខេត្តបាត់ដំបង ៖ ភ្នាក់ងារ​កោះសន្តិភាព​ម្នាក់ ប្រចាំ​ខេត្តបាត់ដំបង គឺ​លោក ឆោម ពិសម័យ ដែល​តែងតែ​សរសេរ​រិះគន់​ភាព​អសកម្ម​នានា ក្នុង​សង្គម​មិន​សំចៃ​ដៃ​នោះ បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ស្នងការ​នគ​បាល​ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពី​អ្នកកាសែត​រូប​នេះ អះអាង​ថា បាន​ទទួល​រង​នូវ​ការ​គំរាម​បាញ់​សម្លាប់​ពី​យុវជន​មួយ​រូប ដែល​គេ​ស្គាល់​ថា ជា​កូនលោក​អធិការរង​នគរបាល​ក្រុង​បាត់ដំបង​ម្នាក់ ។

លោក​ឆោម ពិសម័យ បានអោយ​ដឹង​ថា លោក​ដាក់​ពាក្យបណ្តឹង​នេះ គឺ​ដោយសារ​លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់​ពី​រង​ការ​គំរាម​បាញ់​ផ្តាច់ផ្តិល​ជីវិត​លោក ពី​យុវជន​ម្នាក់​ឈ្មោះ រ៉ូ ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក កាយ វណ្ណ​ធី អធិការរង​នគ​បាល​ក្រុង​បាត់ដំបង ខណៈ​ដែល​ម្តាយ​របស់​ខ្លួន កំពុង​ឡាយ​លក់​ផលិតផល​សិប្បកម្ម តាម​បណ្តាញ​សង្គម​កាល ពី​យប់ ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

តាម​ការ​មើល​វី​ដេ​អូ​ឡាយ កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០២០​នោះ យុវជន​ឈ្មោះ​រ៉ូ ខាងលើ​បាន​ដើរ​ចូល​មក​សួរនាំ​ម្តាយ​របស់​ខ្លួន ដែល​កំពុង​ឡាយ​លក់​គ្រឿង​សង្ហា​រឹម អំពើ​ការ​ផ្តល់​ព័ត៌មាន​អោយ​អ្នកកាសែត ដែល​ចុះ​ផ្សាយ​ពី​ឪពុក​របស់​ខ្លួន ហើយ​រូបគេ​ក៏​បញ្ចេញ​កំហឹង​ថា ៖ (…​ចាំ​មើល អា​អ្នកកាសែត​ហ្នឹង​ណា ! បើ​មិន​អញ់បាញ់​ក្បាល​ហ្អែ​ង​ងាប់ ហាស់ មិនមែន​អញ់​អា​រ៉ូ​ទេ​..! ហ្អែ​ង​ចាំ​មើល អោយ​អញ់ដឹង​ឈ្មោះ​អា​អ្នកកាសែត​ហ្នឹង ហ្អែ​ង​ចាំ​មើល​ !..) ។

លោក ឆោម​ពិសម័យ បាន​បញ្ជាក់​ថា ថ្វីបើ​បុរស​នោះ មិន​បាន​បញ្ចេញ​ឈ្មោះ​លោក ប៉ុន្តែ​ទំនង​គេ​សំដៅ​ទៅ​លើ​រូប​លោក តែ​ម្តង ព្រោះ​លោក​ជា​អ្នក​សរសេរ​អត្ថបទ​មួយ ទាក់ទង​នឹង​ឱ​ពុក​របស់​គេ ដែល​គំរាម​បាញ់​សម្លាប់​ម្តាយ​របស់​ខ្លួន​ច្រើន​សារ ។

សូម​បញ្ជាក់​ថា លោក​ឆោម ពិសម័យ ដែល​អះអាង​ថា ខ្លួន​បាន​រង​ការ​គំរាម​បាញ់​សម្លាប់​នេះ បន្ទាប់​ពី​លោក​សរសេរ​អត្ថបទ មួយ​ចេញផ្សាយ​កាល ពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ លើ​ទំព័រ​កាសែត​កោះសន្តិភាព ដាក់​ចំណងជើង​ថា «​អធិការរង​នគ​បាល ក្រុង​បាត់ដំបង​ម្នាក់​កំពុង​ភ្នែក​ស បន្ទាប់​ពី​អតីត​ភរិយា​ប្តឹង​ពី​បទ​គំរាម​ផ្តាច់ជីវិត​» ។

ខ្លឹមសារ​អត្ថបទ​នោះ បាន​បង្ហាញ​ថា អតីត​ភរិយា របស់​លោក កាយ វណ្ណ​ធី អធិការរង​នគ​បាល​ក្រុង​បាត់ដំបង ដែល​លែងលះ​គ្នា​តាម​ច្បាប់ ៣​ឆ្នាំ​មក​ហើយ​នោះ បាន​ប្តឹង​អតីត​ស្វាមី​របស់​ខ្លួន ខាងលើ​ថា បាន​ប្រើប្រាស់​អំពើ​ហិង្សា និង​គំរាម​បាញ់​សម្លាប់​គាត់​ជា​បន្តបន្ទាប់ ក្រោយ​ពី​ព្យាយាម​សុំ​ជានា រស់នៅ​ផ្អែមល្ហែម​ដូច​ដើម​វិញ មិន​បាន​សម្រេច ដោយ​អតីត ភរិយា​របស់​ខ្លួន​មិន​ព្រម ។

ទាក់ទង​ការ​ប្តឹង​របស់​អ្នកកាសែត​ខាងលើ​នេះ «​អង្រុត​»​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ ពី​យុវជន​ឈ្មោះ រ៉ូ បាន​នោះ​ទេ ។
ទោះបី​យ៉ាងណា យុវជន​រង​ការ​ចោទប្រកាន់​ខាងលើ ទំនងជា​រូបគេ​បាន​សរសេរ​លើ​បណ្តាញ​សង្គម ដែល​មាន​គណនី​ឈ្មោះ Kay Silnaro ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​ពី​ឪពុក​របស់​ខ្លួន ដោយ​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ «​ព័ត៌មាន​មិន​ពិត ខ្ញុំ​ជា​កូនស​ម៉ី​ខ្លួន​ផ្ទាល់ គ្រាន់​ជា​រឿង​យល់​ច្រឡំ​ទេ មិន​មានរឿង​អី​ទាំងអស់ បើ​ចង់​ដឹង​ច្បាស់ ទុក​អោយ​ខ្ញុំ​ជា​កូន​ៗ​ទៅ​បំភ្លឺ​ផ្ទាល់ គាត់​មិន​បាន​យក​កាំភ្លើង​មក​ភ្ជង់​អី​ដែរ ចង់​ដឹង​ច្បាស់ មក​សួរ​សាច់ញាតិ​គេ​មក កុំ​ស្តាប់​តែ​ម្ខាង ខ្ញុំ​អ្នក​នៅ​ក្នុង​ហេតុការណ៍​» ។

លោក​វរៈសេនីយឯក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ តាម​ទូរស័ព្ទ​ថា ទាក់ទង​ពាក្យបណ្តឹង​ខាងលើ លោក​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​រង​ការ​ចោទប្រកាន់​ថា បាន​គំរាម​បាញ់​សម្លាប់​អ្នកកាសែត​ខាងលើ ដើម្បី​ឈាន​ដល់​ការ​ធ្វើ​ដីការ​កោះហៅ មក​សាកសួរ នឹង​បន្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ទាក់ទង​នឹង​ការ​គំរាម​ផ្តាច់ផ្តិល​ជីវិត អ្នកកាសែត​រូប​នេះ​ដែរ លោក មឿ​ន ឈាន​ណា​រិ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន និង​ជា​អ្នកកាសែត​ជើង​ចាស់​មួយ​រូប បាន​មាន​ប្រសាសន៍​ថា ការ​គំរាមកំហែង​អ្នកកាសែត កោះសន្តិភាព​រូប​នេះ ជា​ទ​ង្វើ​មួយ គួរ​អោយ​សោកស្តាយ វា​មិន​ត្រឹមតែ​គំរាម​លើ​អ្នកកាសែត​តែ​ម្នាក់​នោះ​ទេ វា​ជា​ការ​គំរាមកំហែង​ទៅ​លើ​សេរីភាព​សារព័ត៌មាន និង​អ្នក​សារ​ព​ត៌​មាន​ទាំងអស់​ផង​ដែរ ។ លោក​ចាត់​ទុក​ករណី​នេះ​ថា អាច​ជះ​ឥទ្ធិពល​ដល់​អ្នកកាសែត​ទូទៅ អោយ​ដាក់ កំហិត ក្នុង​ការ​សរសេរ​របស់​ខ្លួន ។

លោក មឿ​ន ឈាន​ណា​រិ​ទ្ធ ថ្លែង​យ៉ាង​ដូច្នេះ​ថា ការ​គំរាមកំហែង​ទាំង​ការ​ផ្លូវច្បាប់ ទាំង​រាង​កាយ​ជាដើម ជា​ទ​ង្វើ​មួយ​គួរ​អោយ​សោកស្តាយ​មែនទែន ព្រោះ​អី​ការ​គំរាមកំហែង​នេះ វា​មិនមែន​សំដៅ​តែ​លើ​អ្នក​សារព័ត៌មាន​តែ​បុគ្គល​នោះ​ទេ វា​ហាក់ដូចជា​ការ​គំរាមកំហែង​មក​លើ​សេរីភាព​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ។ ពីព្រោះ​ការ​គំរាមកំហែង​ចំពោះ អ្នក​សារព័ត៌មាន​ណា​ម្នាក់ គឺ​ធ្វើ​អោយ​អ្នក​សារ​ព៏​ត៌​មាន​ដ៏​ទៃ​ទៀត ភ័យ​ខ្លាច ហើយ​ធ្វើ​អោយ​គាត់​ជៀសវាង​ការ​សរសេរ​ព័ត៌មាន ភាព​ចំរូងចំរាស់ ទាក់ទង​អំពើ អសកម្ម កំហុសឆ្គង ក៏​ដូច​ជា​បញ្ហា​ផ្សេង​ៗ របស់​មន្ត្រី​នានា​របស់​រាជរដ្ឋាភិបាល​ក្តី ,​ស្ថាប័នឯកជន​ក្តី​, អង្គការ​សង្គម​ស៊ី​វិល​នានា​ក្តី ។

លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បន្ត​ថា អ​ញ្ចឹ​ង​ពេល​ដែល​មានការ​គំរាមកំហែង​ដូច្នេះ អ្នក​សារព័ត៌មាន​ព្យាយាម​ចាប់​ជ​ម្រុ​ត​ខ្លួនឯង គឺ​មាន​ន័យ​ថា អោយ​គាត់​បន្ធូរ​ដៃ​ក្នុង​ធ្វើ​សេចក្តីរាយការណ៍ ព័ត៌មាន រឺ​ក៏​ធ្វើ​អោយ​គាត់​បោះបង់​ចោល​ប្រធានបទ​ណាមួយ រឺ​អត្ថបទ​ណាមួយ ដែល​គាត់​គិត​ថា វា​មាន​ភាព​រសើប វា​ចំរូងចំរាស់​ខ្លាំង​ពេក​..! ដែល​អាច​នាំ​ផលវិបាក ដល់​គាត់​ទាំ ង​ផ្លូវច្បាប់ និង​ទាំង​រាង​កាយ បញ្ហា​នេះ វា​ធ្វើ​អោយ​ខាតបង់​ខ្លាំង ខាតបង់​ទី​មួយ គឺ​បាត់បង់​លើ​សិទ្ធិ ដឹង ។ បាត់បង់​សិទ្ធិ​ដឹង បាន​ន័យ​ថា សាធារណៈជន​ទាំងអស់​គាត់​មាន​សិទ្ធិ​ដឹង​នៅ​ព័ត៌មាន​ដែល​កើតឡើង​ក្នុង​សង្គម​ទាំងអស់ អ​ញ្ចឹ​ង​វា មិន​គ្រាន់តែ​ការ​រំលោភ​បំពាន​លើ​សារព័ត៌មាន​ទេ វា​រំលោភ​ទៅ​លើ​សិទ្ធិ​ដឹង​របស់​សាធារណៈជន ផង​ដែរ ។

លោក មឿ​ន​ឈាន​ណា​រិ​ទ្ធ បន្ថែម​ថា ដូច្នេះ​ការ​គំរាមកំហែង​ណាមួយ បើ​ទោះបី​វា មិន​ទាន់​ស្តែង​ចេញ​ជា​ទ​ង្វើ​ក្តី គឺ​វា​គួរតែ​យើង​ព្រួយបារម្ភ ហើយ​តុលាការ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​យក​ករណី​នេះ មក​ជំនុំជម្រះ ដើម្បី​ផ្តល់​យុត្តិធម៌​ចំពោះ​អ្នក​សារព័ត៌មាន ជា​ពិសេស​នោះ​កុំ អោយ​អ្នក​ដ៏​ទៃ​ទៀត មើលឃើញ​ថា បុគ្គល​មាន​អំណាច​ម្នាក់ គាត់​អាច​បង្ក​ព្យុះ​ភ្លៀង បង្ក​ទ​ង្វើ​ណាមួយ លើ​អ្នក​សារព័ត៌មាន ហើយ​ពួក​គេ​អាច​យកតម្រាប់​តាម ។

សូម​ជម្រាប​ថា លោក ឆោម ពិសម័យ ជា​ភ្នាក់ងារ​កាសែត​កោះសន្តិភាព ក៏​ធ្លាប់​ត្រូវ​បាន​ទទួល​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ដែរ ក្នុង​អាជីព​ជា​អ្នកកាសែត ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ដោយ​អ្នកកាសែត​រូប​នេះ តែងតែ​សរសេរ​រិះគន់​ភាព​អសកម្ម​នានា ក្នុង​សង្គម មិន សំចៃ​ដៃ​នោះ​ឡើយ ។
ទោះបី​មានការ​គំរាមកំហែង​ជា​បន្តបន្ទាប់​រហូត​ដល់​មាន​គំរាម​ផ្តាច់​ជំ​វិត​លោក​ក្តី ក៏​លោក​ឆោម ពិសម័យ អះអាង​ថា វា​មិន​អាច​រារាំង រឺ​ប​ន្ទុ​ច​បង្អាក់ នៅ​ការ​បំពេញ​វិជ្ជាជីវៈ ជា​អ្នកកាសែត​អាជីព​របស់​លោក​ឡើយ លោក​នៅ​តែ​បន្ត សរសេរ​អត្ថបទ បង្ហាញ​ពី​ភាព អសកម្ម​នានា​ក្នុង​សង្គម​បន្ត​ទៀត មិន​រា​ថយ​ឡើយ ។

លោក ឆោម ពិសម័យ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម នា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា ២០២០​នេះ​ថា «​ខ្ញុំ​មិន​ដែល​ចុះចាញ់​មុន​ប្រយុទ្ធ​ទេ​.! ខ្ញុំ​ដឹង​ថា ការងារ​របស់ខ្ញុំ​ប្រឈម​នឹង​គ្រោះថ្នាក់​សម្បើម​ណាស់ តែ​ដើម្បី​យុត្តិធម៌​សង្គម ខ្ញុំ​នឹង​លះបង់​គ្រប់​បែប​យ៉ាង សូ​ម្បី​តែ​សេចក្ដីសុខ​ផ្ទាល់ខ្លួន ឬ អាច​បង្ហូ​ស​ដល់​ជីវិត​.. បើ​ទោះជា​មាន​មិត្តភក្ដិ និង បងប្អូន​មួយ​ចំនួន​តែង​ចង្អុលបង្ហាញ​ពី​ផ្លូវ​គ្រោះថ្នាក់​ក្ដី​។
ខ្ញុំ​គ្មាន​អាវុធ​តបត​ជាមួយ​សត្រូវ​ទេ​។ ខ្ញុំ​មាន​តែ​ប៊ិក​និង​ក្រដាស ឬ មតិយោបល់ ដើម្បី​តស៊ូ​យក​ភាព​ត្រិ​ម​ត្រូវ​។ ដូច្នេះ​បើ​អ្នក​សម្លាប់​ខ្ញុំ​.. អាច​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​អ្នកមាន​សេចក្ដីសុខ​.. ធ្វើ​ចុះ​.! តែ​កុំ​ភ្លេច​ប្រទេស​មានច្បាប់ ស្រុក​មាន​ទម្លាប់​.! ដូច្នេះ​យើង​គួ​នាំ​គ្នា​គោរព​ច្បាប់​ទៅ​ប្រសើរ​ជាង ការ​ប្រមាថ​អាយុជីវិត​អ្នក​ដទៃ​.. មិនមែន​ជា​អំពើ​ល្អ​ទេ​.. គេ​ចង់​រស់ យើង​ក៏​ចង់​រស់​.. បើ​យើង​ធ្វើ​ខុស​ហើយ​កែ​ទៅ​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​..​។
អរគុណ ចំពោះ​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត ដែល​បាន​ប្រឹងប្រែង​ស៊ើបអង្កេត​លើ​បញ្ហា​របស់ខ្ញុំ សង្ឃឹមថា ករណី​នេះ​នឹង​បញ្ចប់​ដោយ​សន្តិវិធី​.. គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់​.. ព្រោះ​ខ្ញុំ​គ្មាន​ចេតនា​បំផ្លាញ​មនុស្ស​ដែល​គ្មាន​កំហុស​នោះ​ទេ​..!» ។

ដោយឡែក ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ជម្រាប​ជូន​សាធារណជន ពិសេស​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា នៅ​ពេល​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ទទួល​ហើយ​នូវ​បណ្តឹង​របស់​លោក ឆោម ពិសម័យ ភ្នាក់ងារ​សារព័ត៌មាន (​កោះសន្តិភាព​) ប្រចាំ​ខេត្តបាត់ដំបង ដែល​លោក​ទទួល​រង​ការ​គំរាមកំហែង​ដល់​ជីវិត​តាម​បណ្តាញ​សង្គម ។

នៅ​ពេល​នេះ លោក​ឧត្តមសេនីយ៍ត្រី សាត គឹ​ម សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចាត់វិធានការ​ជា​បន្ទាន់ ដល់​ផែន​ជំនាញ ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ ករណី​ស្រាវជ្រាវ​រក​ឃើញ​ថា ពិតជា​មាន​អំពើ​ល្មើសច្បាប់​មែន​នោះ សមត្ថកិច្ច​នគរបាល នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ ៕