ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ វិច្ឆិកា ២០២០ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនវៀតណាម អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងបណ្តារាជធានី ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសកម្ពុជាចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ។
បើតាមសេចក្តីប្រកាសដដែលបានពន្យល់ថា មូលហេតុដែលរាជធានី ខេត្តនៅតំបន់ខាងលើអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរនេះ ដោយសារ ព្យុះទី ១៩ ឈ្មោះ ហ្គោនី (GONI) បាន និងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង ។
តាមការព្យាករព្យុះនេះបានប្តូរទិសដៅបន្តិចចូល មកផ្នែកខាងលើនៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជា វិសម្ពាធ(Tropical Depression)ថ្ងៃទី៥ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមក ដល់លើភាគខាងកើតប្រទេសកម្ពុជា នៅ យប់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ ៕