ខេត្តបាត់ដំបង ៖ ភ្នាក់ងារកោះសន្តិភាពម្នាក់ ប្រចាំខេត្តបាត់ដំបង គឺលោក ឆោម ពិសម័យ ដែលតែងតែសរសេររិះគន់ភាពអសកម្មនានា ក្នុងសង្គមមិនសំចៃដៃនោះ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ស្នងការនគបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីអ្នកកាសែតរូបនេះ អះអាងថា បានទទួលរងនូវការគំរាមបាញ់សម្លាប់ពីយុវជនមួយរូប ដែលគេស្គាល់ថា ជាកូនលោកអធិការរងនគរបាលក្រុងបាត់ដំបងម្នាក់ ។
លោកឆោម ពិសម័យ បានអោយដឹងថា លោកដាក់ពាក្យបណ្តឹងនេះ គឺដោយសារលោកព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីរងការគំរាមបាញ់ផ្តាច់ផ្តិលជីវិតលោក ពីយុវជនម្នាក់ឈ្មោះ រ៉ូ ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក កាយ វណ្ណធី អធិការរងនគបាលក្រុងបាត់ដំបង ខណៈដែលម្តាយរបស់ខ្លួន កំពុងឡាយលក់ផលិតផលសិប្បកម្ម តាមបណ្តាញសង្គមកាល ពីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមការមើលវីដេអូឡាយ កាលពីថ្ងៃទី០១ វិច្ឆិកា ២០២០នោះ យុវជនឈ្មោះរ៉ូ ខាងលើបានដើរចូលមកសួរនាំម្តាយរបស់ខ្លួន ដែលកំពុងឡាយលក់គ្រឿងសង្ហារឹម អំពើការផ្តល់ព័ត៌មានអោយអ្នកកាសែត ដែលចុះផ្សាយពីឪពុករបស់ខ្លួន ហើយរូបគេក៏បញ្ចេញកំហឹងថា ៖ (…ចាំមើល អាអ្នកកាសែតហ្នឹងណា ! បើមិនអញ់បាញ់ក្បាលហ្អែងងាប់ ហាស់ មិនមែនអញ់អារ៉ូទេ..! ហ្អែងចាំមើល អោយអញ់ដឹងឈ្មោះអាអ្នកកាសែតហ្នឹង ហ្អែងចាំមើល !..) ។
លោក ឆោមពិសម័យ បានបញ្ជាក់ថា ថ្វីបើបុរសនោះ មិនបានបញ្ចេញឈ្មោះលោក ប៉ុន្តែទំនងគេសំដៅទៅលើរូបលោក តែម្តង ព្រោះលោកជាអ្នកសរសេរអត្ថបទមួយ ទាក់ទងនឹងឱពុករបស់គេ ដែលគំរាមបាញ់សម្លាប់ម្តាយរបស់ខ្លួនច្រើនសារ ។
សូមបញ្ជាក់ថា លោកឆោម ពិសម័យ ដែលអះអាងថា ខ្លួនបានរងការគំរាមបាញ់សម្លាប់នេះ បន្ទាប់ពីលោកសរសេរអត្ថបទ មួយចេញផ្សាយកាល ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លើទំព័រកាសែតកោះសន្តិភាព ដាក់ចំណងជើងថា «អធិការរងនគបាល ក្រុងបាត់ដំបងម្នាក់កំពុងភ្នែកស បន្ទាប់ពីអតីតភរិយាប្តឹងពីបទគំរាមផ្តាច់ជីវិត» ។
ខ្លឹមសារអត្ថបទនោះ បានបង្ហាញថា អតីតភរិយា របស់លោក កាយ វណ្ណធី អធិការរងនគបាលក្រុងបាត់ដំបង ដែលលែងលះគ្នាតាមច្បាប់ ៣ឆ្នាំមកហើយនោះ បានប្តឹងអតីតស្វាមីរបស់ខ្លួន ខាងលើថា បានប្រើប្រាស់អំពើហិង្សា និងគំរាមបាញ់សម្លាប់គាត់ជាបន្តបន្ទាប់ ក្រោយពីព្យាយាមសុំជានា រស់នៅផ្អែមល្ហែមដូចដើមវិញ មិនបានសម្រេច ដោយអតីត ភរិយារបស់ខ្លួនមិនព្រម ។
ទាក់ទងការប្តឹងរបស់អ្នកកាសែតខាងលើនេះ «អង្រុត»មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺ ពីយុវជនឈ្មោះ រ៉ូ បាននោះទេ ។
ទោះបីយ៉ាងណា យុវជនរងការចោទប្រកាន់ខាងលើ ទំនងជារូបគេបានសរសេរលើបណ្តាញសង្គម ដែលមានគណនីឈ្មោះ Kay Silnaro ឆ្លើយតបនឹងការចុះផ្សាយពីឪពុករបស់ខ្លួន ដោយសរសេរយ៉ាងដូច្នេះថា ៖ «ព័ត៌មានមិនពិត ខ្ញុំជាកូនសម៉ីខ្លួនផ្ទាល់ គ្រាន់ជារឿងយល់ច្រឡំទេ មិនមានរឿងអីទាំងអស់ បើចង់ដឹងច្បាស់ ទុកអោយខ្ញុំជាកូនៗទៅបំភ្លឺផ្ទាល់ គាត់មិនបានយកកាំភ្លើងមកភ្ជង់អីដែរ ចង់ដឹងច្បាស់ មកសួរសាច់ញាតិគេមក កុំស្តាប់តែម្ខាង ខ្ញុំអ្នកនៅក្នុងហេតុការណ៍» ។
លោកវរៈសេនីយឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង បាន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយ តាមទូរស័ព្ទថា ទាក់ទងពាក្យបណ្តឹងខាងលើ លោកកំពុងស្រាវជ្រាវរកអ្នកដែលរងការចោទប្រកាន់ថា បានគំរាមបាញ់សម្លាប់អ្នកកាសែតខាងលើ ដើម្បីឈានដល់ការធ្វើដីការកោះហៅ មកសាកសួរ នឹងបន្តចាត់ការតាមនិតិវិធីច្បាប់ ។
ទាក់ទងនឹងការគំរាមផ្តាច់ផ្តិលជីវិត អ្នកកាសែតរូបនេះដែរ លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូប បានមានប្រសាសន៍ថា ការគំរាមកំហែងអ្នកកាសែត កោះសន្តិភាពរូបនេះ ជាទង្វើមួយ គួរអោយសោកស្តាយ វាមិនត្រឹមតែគំរាមលើអ្នកកាសែតតែម្នាក់នោះទេ វាជាការគំរាមកំហែងទៅលើសេរីភាពសារព័ត៌មាន និងអ្នកសារពត៌មានទាំងអស់ផងដែរ ។ លោកចាត់ទុកករណីនេះថា អាចជះឥទ្ធិពលដល់អ្នកកាសែតទូទៅ អោយដាក់ កំហិត ក្នុងការសរសេររបស់ខ្លួន ។
លោក មឿន ឈានណារិទ្ធ ថ្លែងយ៉ាងដូច្នេះថា ការគំរាមកំហែងទាំងការផ្លូវច្បាប់ ទាំងរាងកាយជាដើម ជាទង្វើមួយគួរអោយសោកស្តាយមែនទែន ព្រោះអីការគំរាមកំហែងនេះ វាមិនមែនសំដៅតែលើអ្នកសារព័ត៌មានតែបុគ្គលនោះទេ វាហាក់ដូចជាការគំរាមកំហែងមកលើសេរីភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ។ ពីព្រោះការគំរាមកំហែងចំពោះ អ្នកសារព័ត៌មានណាម្នាក់ គឺធ្វើអោយអ្នកសារព៏ត៌មានដ៏ទៃទៀត ភ័យខ្លាច ហើយធ្វើអោយគាត់ជៀសវាងការសរសេរព័ត៌មាន ភាពចំរូងចំរាស់ ទាក់ទងអំពើ អសកម្ម កំហុសឆ្គង ក៏ដូចជាបញ្ហាផ្សេងៗ របស់មន្ត្រីនានារបស់រាជរដ្ឋាភិបាលក្តី ,ស្ថាប័នឯកជនក្តី, អង្គការសង្គមស៊ីវិលនានាក្តី ។
លោក មឿន ឈានណារិទ្ធ បន្តថា អញ្ចឹងពេលដែលមានការគំរាមកំហែងដូច្នេះ អ្នកសារព័ត៌មានព្យាយាមចាប់ជម្រុតខ្លួនឯង គឺមានន័យថា អោយគាត់បន្ធូរដៃក្នុងធ្វើសេចក្តីរាយការណ៍ ព័ត៌មាន រឺក៏ធ្វើអោយគាត់បោះបង់ចោលប្រធានបទណាមួយ រឺអត្ថបទណាមួយ ដែលគាត់គិតថា វាមានភាពរសើប វាចំរូងចំរាស់ខ្លាំងពេក..! ដែលអាចនាំផលវិបាក ដល់គាត់ទាំ ងផ្លូវច្បាប់ និងទាំងរាងកាយ បញ្ហានេះ វាធ្វើអោយខាតបង់ខ្លាំង ខាតបង់ទីមួយ គឺបាត់បង់លើសិទ្ធិ ដឹង ។ បាត់បង់សិទ្ធិដឹង បានន័យថា សាធារណៈជនទាំងអស់គាត់មានសិទ្ធិដឹងនៅព័ត៌មានដែលកើតឡើងក្នុងសង្គមទាំងអស់ អញ្ចឹងវា មិនគ្រាន់តែការរំលោភបំពានលើសារព័ត៌មានទេ វារំលោភទៅលើសិទ្ធិដឹងរបស់សាធារណៈជន ផងដែរ ។
លោក មឿនឈានណារិទ្ធ បន្ថែមថា ដូច្នេះការគំរាមកំហែងណាមួយ បើទោះបីវា មិនទាន់ស្តែងចេញជាទង្វើក្តី គឺវាគួរតែយើងព្រួយបារម្ភ ហើយតុលាការ អាជ្ញាធរមានសមត្ថកិច្ច ត្រូវយកករណីនេះ មកជំនុំជម្រះ ដើម្បីផ្តល់យុត្តិធម៌ចំពោះអ្នកសារព័ត៌មាន ជាពិសេសនោះកុំ អោយអ្នកដ៏ទៃទៀត មើលឃើញថា បុគ្គលមានអំណាចម្នាក់ គាត់អាចបង្កព្យុះភ្លៀង បង្កទង្វើណាមួយ លើអ្នកសារព័ត៌មាន ហើយពួកគេអាចយកតម្រាប់តាម ។
សូមជម្រាបថា លោក ឆោម ពិសម័យ ជាភ្នាក់ងារកាសែតកោះសន្តិភាព ក៏ធ្លាប់ត្រូវបានទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ដែរ ក្នុងអាជីពជាអ្នកកាសែត ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដោយអ្នកកាសែតរូបនេះ តែងតែសរសេររិះគន់ភាពអសកម្មនានា ក្នុងសង្គម មិន សំចៃដៃនោះឡើយ ។
ទោះបីមានការគំរាមកំហែងជាបន្តបន្ទាប់រហូតដល់មានគំរាមផ្តាច់ជំវិតលោកក្តី ក៏លោកឆោម ពិសម័យ អះអាងថា វាមិនអាចរារាំង រឺបន្ទុចបង្អាក់ នៅការបំពេញវិជ្ជាជីវៈ ជាអ្នកកាសែតអាជីពរបស់លោកឡើយ លោកនៅតែបន្ត សរសេរអត្ថបទ បង្ហាញពីភាព អសកម្មនានាក្នុងសង្គមបន្តទៀត មិនរាថយឡើយ ។
លោក ឆោម ពិសម័យ បានសរសេរនៅលើបណ្ដាញសង្គម នាម៉ោង៨យប់ថ្ងៃទី៣ វិច្ឆិកា ២០២០នេះថា «ខ្ញុំមិនដែលចុះចាញ់មុនប្រយុទ្ធទេ.! ខ្ញុំដឹងថា ការងាររបស់ខ្ញុំប្រឈមនឹងគ្រោះថ្នាក់សម្បើមណាស់ តែដើម្បីយុត្តិធម៌សង្គម ខ្ញុំនឹងលះបង់គ្រប់បែបយ៉ាង សូម្បីតែសេចក្ដីសុខផ្ទាល់ខ្លួន ឬ អាចបង្ហូសដល់ជីវិត.. បើទោះជាមានមិត្តភក្ដិ និង បងប្អូនមួយចំនួនតែងចង្អុលបង្ហាញពីផ្លូវគ្រោះថ្នាក់ក្ដី។
ខ្ញុំគ្មានអាវុធតបតជាមួយសត្រូវទេ។ ខ្ញុំមានតែប៊ិកនិងក្រដាស ឬ មតិយោបល់ ដើម្បីតស៊ូយកភាពត្រិមត្រូវ។ ដូច្នេះបើអ្នកសម្លាប់ខ្ញុំ.. អាចធ្វើឱ្យក្រុមគ្រួសារអ្នកមានសេចក្ដីសុខ.. ធ្វើចុះ.! តែកុំភ្លេចប្រទេសមានច្បាប់ ស្រុកមានទម្លាប់.! ដូច្នេះយើងគួនាំគ្នាគោរពច្បាប់ទៅប្រសើរជាង ការប្រមាថអាយុជីវិតអ្នកដទៃ.. មិនមែនជាអំពើល្អទេ.. គេចង់រស់ យើងក៏ចង់រស់.. បើយើងធ្វើខុសហើយកែទៅគឺជារឿងល្អបំផុតសម្រាប់មនុស្សគ្រប់រូប..។
អរគុណ ចំពោះមន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្ត ដែលបានប្រឹងប្រែងស៊ើបអង្កេតលើបញ្ហារបស់ខ្ញុំ សង្ឃឹមថា ករណីនេះនឹងបញ្ចប់ដោយសន្តិវិធី.. គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់.. ព្រោះខ្ញុំគ្មានចេតនាបំផ្លាញមនុស្សដែលគ្មានកំហុសនោះទេ..!» ។
ដោយឡែក ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនសាធារណជន ពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅពេលនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលហើយនូវបណ្តឹងរបស់លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំរាមកំហែងដល់ជីវិតតាមបណ្តាញសង្គម ។
នៅពេលនេះ លោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការជាបន្ទាន់ ដល់ផែនជំនាញ ឲ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះហើយ ករណីស្រាវជ្រាវរកឃើញថា ពិតជាមានអំពើល្មើសច្បាប់មែននោះ សមត្ថកិច្ចនគរបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ ៕