គិតត្រឹមម៉ោង១២និង៥៤នាទីថ្ងៃត្រង់ថ្ងៃទី០៤ វិច្ឆិកា ២០២០នេះ កងកម្លាំងព្រំដែនរបស់វៀតណាមនៅមិនទាន់បានរើតង់(ទាំងសំណង់ឈើនិងសំណង់រឹង) ដែលពួកគេបានបោះជាឯកតោភាគីលើតំបន់ដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរមិនទាន់បានឯកភាពគ្នានោះនៅឡើយទេ ។
នេះបើយោងតាមប្រភពពីកងកម្លាំងព្រំដែនខ្មែរដែលប្រចាំការនៅព្រំដែនស្រុកលើកដែក ខេត្តកណ្តាល ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ក៍ដូចជា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែន មិនអាចសុំការបញ្ជាក់និងអត្ថាធិប្បាយបានទេនៅវេលាម៉ោងខាងលើនេះ ។
បើតាមលោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី២៩ តុលា ២០២០ បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា កងកម្លាំងព្រំដែនវៀតណាមបានបន្តសាងសង់សំណង់រឹងបន្ថែមទៀតឡើងដល់១៦ទីតាំងហើយ លើទីតាំងដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា ខណៈទីតាំងប្រក់កៅស៊ូ១១ ទៀត ក៍មិនទាន់បានរុះរើនៅឡើយ ។
លោកអភិបាលខេត្តកណ្តាលបានបញ្ជាក់ប្រាប់ VOD ដោយបញ្ជាក់ថា«សំណង់រឹងទាំង១៦ទីតាំងនេះ ភាគីវៀតណាមសង់នៅតាមបណ្ដាយព្រំដែននៃខេត្តអានយ៉ាង ប្រទេសវៀតណាម ទល់មុខនឹងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាល ប្រទេសកម្ពុជា។»។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា៖ «វៀតណាមសង់សំណង់រឹងនិងតង់កៅស៊ូ សរុប២៧ទីតាំង ហើយសំណង់រឹង១៦ សង់នៅក្នុងស្រុកពីរ [ស្រុកលើកដែក និងស្រុកកោះធំ]។ យើងបានជជែកគ្នាហើយ ថាក្រោយពីកូវីដ គេនឹងរុះរើ»។
កាលពីចុងខែសីហា ឆ្នាំ២០២០ ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍ថា វៀតណាម បានសាងសង់ជម្រករឹងមាំធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ស្ថិតនៅចម្ងាយប្រមាណ១២០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមដែលមិនទាន់ឯកភាពគ្នា។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ក៍បានប្រាប់ VOD ជុំវិញការលើកឡើងរបស់អាជ្ញាធរខេត្តកណ្តាលខាងលើដែរថា គណៈកម្មាធិការមិនទាន់សម្រេចថា នឹងចុះទៅពិនិត្យមើលទីតាំងដែលភាគីវៀតណាមសង់សំណង់រឹងនោះនៅឡើយ ដោយសារ គណៈកម្មាធិការរង់ចាំរបាយការណ៍ពីអាជ្ញាធរខេត្តកណ្តាលសិន ។
លោកថា៖ «ទាល់[តែ]ខ្ញុំជួយមើលហើយ ពិចារណាហើយ បានយើងសម្រេចថា យើងបញ្ជូនទៅធ្វើការតវ៉ាជាមួយក្រសួងការបរទេស [ចាំមើល] លទ្ធផលដែលយើងរកឃើញ លទ្ធផលដែលយើងវិភាគនូវរបាយការណ៍ដែលយើងទទួលបានពីអាជ្ញាធរដែនដី»។
លោក វ៉ា គឹមហុង បានបញ្ជាក់ប្រាប់ VOD ទៀតថា កម្ពុជាសម្រេចជ្រើសរើសយកវិធីសាស្ត្រចរចាជាមួយភាគីវៀតណាម ដោយយល់ថា រឿងសង់សំណង់រឹងនេះមិនធំដូចករណីរឿងប្រាសាទព្រះវិហារដែលតម្រូវឱ្យកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិនោះទេ។
លោកថា៖ «អ្នកដែលនិយាយស្នើទៅប្ដឹងតុលាការអន្តរជាតិ វាទាល់តែកិច្ចការហ្នឹងវាធំដុំណាស់ វាគ្រាន់តែតង់មួយ ប្ដឹងទៅតុលាការអន្តរជាតិ ឬក៏សំណង់ផុតទឹក ប្ដឹងទៅតុលាការអន្តរជាតិទេ។ បើអ៊ីចឹង តុលាការអន្តរជាតិងាប់ហើយ គ្មានពេលសម្រាកទេ គ្រប់តែប្រទេសគ្រាន់តែធ្វើតង់មួយប្ដឹងទៅតុលាការអន្តរជាតិ។ ប្រទេសទាល់តែបញ្ហាធំ ដូចនៅប្រាសាទព្រះវិហារ អាហ្នឹង [រឿងបោះតង់] រឿងកំប៉ិកកំប៉ុក យើងយកទៅបឹ្តងតុលាការអន្តរជាតិ។ ខ្ញុំថា កំប៉ិកកំប៉ុក អាអ្នកវិភាគថា ខ្ញុំមិនយកចិត្តទុកដាក់ទៀត ប៉ុន្តែមិនមែនទេ រឿងតុលាការអន្តរជាតិទាល់តែបញ្ហាហ្នឹងវាធំ»។
គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់កាលពីខែមិថុនា ឆ្នាំ២០២០ ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ភាគីវៀតណាមបានបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ទាំងតំបន់មិនទាន់ឯកភាពនិងតំបន់ឯកភាពគ្នារួច មានចំនួន២៥៦ទីតាំង។
ពាក់ព័ន្ឋនឹងការបោះតង់នៅតំបន់ដែលភាគីទាំងពីរមិនទាន់បានឯកភាពគ្នា ដែលធ្វើឡើងជាឯកតោភាគីពីសំណាក់កងកម្លាំងព្រំដែនវៀតណាមខាងលើនេះដែរ កាលពីថ្ងៃទី១៣ សីហា ២០២០ ក្រសួងការបរទេសកម្ពុជា ក៍ធ្លាប់បានធ្វើកំណត់ទូតតវ៉ាម្តងរួចមកហើយ តែ ក្រសួងការបរទេសវៀតណាមបានអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយថា ការបោះតង់ទាំងនោះ នឹងមិនប៉ះពាល់ដល់ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរនេះទេ។
ស្រាប់តែនៅថ្ងៃ ២៦ សីហា ឆ្នាំ២០២០ យោធាការពារព្រំដែនវៀតណាម ក្នុងខេត្តអានយ៉ាង បានរុះរើតង់ចាស់ដោយផ្ទាល់ផ្លាស់ប្ដូរសាងសង់តង់ថ្មីជាជម្រករឹងមាំជាងមុន ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ជាតំបន់មិនទាន់មានការឯកភាពនៅឡើយ។ លើសពីនេះទៀត ភាគីវៀតណាម បានអះអាងថា គេធ្វើនេះតាមតែការបញ្ជារបស់ថ្នាក់លើគេតែប៉ុណ្ណោះ ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលវៀតណាម ហើយបើមិនជោគជ័យទេ កម្ពុជាត្រូវបន្តស្នើសុំម្តងទៀតឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់នេះ។ លោកបន្តថា បើទាហានវៀតណាមនៅតែបន្តធ្វើ ជម្រើសចុងក្រោយ គឺកម្ពុជាអាចសាងសង់សំណង់រឹងមាំលើទឹកដីរបស់ខ្លួន តែត្រូវដាក់ឱ្យនៅទល់នឹងមុខនឹងសំណង់រឹងមាំរបស់ទាហានវៀតណាមដែរ ។
ដោយឡែក ការបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាជាមួយវៀតណាមនៅខេត្តព្រៃវែង ក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានភាគីទាំងពីរបានសម្រេចបោះបញ្ចប់ជាស្ថាពរហើយ ។
នេះបើយោងតាមលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការកិច្ចការព្រំដែន ដែលសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងក្រោយរដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី០២ វិច្ឆិកា ២០២០នេះ ។
បើតាមលទ្ឋផលខាងលើបានបង្ហាញថា បច្ចុប្បន្ន កម្ពុជានិងវៀតណាម បានធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នាបាន៨៤ភាគរយហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ សីហា ២០២០ គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនទីថ្មី មានឈ្មោះជាផ្លូវការថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០ (១លើ២៥ពាន់) នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម។
ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទី ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ ផែនទីថ្មីនេះ ត្រូវបានបោះពុម្ពសរុប៥០០ផ្ទាំង ដោយប្រទេសដាណឺម៉ាក។ ២៥០ផ្ទាំង ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ផ្ទាំង ប្រគល់ទៅឲ្យវៀតណាម។ ភាគទាំងពីរ ប្តេជ្ញាចិត្តទាំងអស់គ្នា ថានឹងពន្លឿនឲ្យឆាប់ចប់លើការបោះបង្គោលព្រំដែន១៦ភាគរយទៀត ដែលនៅសល់។
ខេត្ត៦ទៀត ដែលមិនបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម គឺកណ្តាល តាកែវ ស្វាយរៀង កំពត មណ្ឌលគិរី និង រតនគិរី។ បើតាមអ្នកស្រី កុយ ពិសី ការបោះបង្គោលព្រំដែន តាមជាយខេត្តទាំង៦ទៀត គឺរួចរាល់ជាកង់ៗ ដោយមិនទាន់រួចរាល់ទាំងស្រុងនោះទេ។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា កម្ពុជាមានព្រំដែនជាប់ជាមួយប្រទេស៣ គឺវៀតណាម ឡាវ និង ថៃ។ ព្រំដែនរវាងកម្ពុជានិងវៀតណាម មានប្រវែងប្រមាណ ១២៧០គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបាន៨៤ភាគរយ។
ព្រំដែនរវាងកម្ពុជានិងឡាវ មានប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបាន៨៦ភាគរយ។
ព្រំដែនរវាងកម្ពុជានិងថៃ មានប្រវែងប្រមាណ ៨០៥គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបានបញ្ចប់បានទាំងស្រុងនូវការរុករកបង្គោលព្រំដែនចាស់ ដោយរកឃើញបង្គោលព្រំដែនចាស់ទាំង៧៣ ដែលបោះនៅដើមសតវត្សទី១៩ និងទី២០ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕