លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដែលទើបចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកមេរោគកូវីដ១៩ តែមិនមានរោគសញ្ញាអ្វីនោះទេ។
នេះបើយោងតាម លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ដែលត្រូវបាន AP ស្រង់សម្តីលោកចេញផ្សាយនៅថ្ងៃទី០៤ វិច្ឆិកា ២០២០នេះ ។
បើតាម AP លោករដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូចំនួន១២នាក់ បានទៅដល់ទីក្រុងបាងកកដើម្បីបំពេញទស្សនកិច្ចផ្លូវការកាលពីយប់មិញ បន្ទាប់ពីលោកនិងគណៈប្រតិភូអមដំណើរបានបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ផងដែរ អំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលមួយថ្ងៃនិងបិទបញ្ចប់កាលពីថ្ងៃអង្គារ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនោះ លោក ភីធើ ស៊ីចាតូ បានចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាផ្លូវការទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួបលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជួបលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ។
នៅក្រោយជំនួបសម្តែងការគួរសមនេះ កម្ពុជា-ហុងគ្រី បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះមានឯកសារដូចជា៖
១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី ។
ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃដែលថា លោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ភីធើ ស៊ីចាតូ ត្រូវបានរកឃើញផ្ទុកមេរោគកូវិឌ១៩ខាងលើនេះ គិតត្រឹមម៉ោង៣និង៥១នាទីរសៀលពុធដដែលនេះ មិនទាន់មានប្រតិកម្មតបផ្លូវការណាមួយពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ពិសេសអ្នកនាំពាក្យក្រសួងសុខាភិបាលខ្មែរ លោក ឱ វណ្ណឌីន នៅឡើយទេ ៕