ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាបានប្រកាសថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់បានធ្វើតេស្តនិងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានមេរោគកូវីដ១៩នោះទេ ។
យ៉ាងណាសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅប៉ុន្មាននាទីមុននេះ ក៍បានបញ្ជាក់ដែរថា ក្រោយថៃរកឃើញថា លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ត្រូវបានអាជ្ញាធរថៃប្រកាសថាមានផ្ទុកមេរោគកូវីដ១៩នោះ រាជរដ្ឋាភិបាលបានសម្រេចឲ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ដែលជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូហុងគ្រី ធ្វើចត្តាឡីស័កដាក់ឲ្យនៅដាច់ដោយឡែកតាមវិធានការរបស់ក្រសួងសុខាភិបាល ។
ដោយឡែកគិតត្រឹមម៉ោង៤និង២៣នាទីរសៀលថ្ងៃទី០៤ វិច្ឆិកានេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនិងមន្ត្រីពាក់ព័ន្ឋដទៃទៀតដែលបានជួបលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានប្រកាសថា ខ្លួននឹងធ្វើចត្តាឡីស័កដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាល ។
មន្ត្រីជាន់ខ្ពស់ទាំងនោះរួមមាន ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៧រូបទៀត លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិង មន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ។
គេនៅមិនទាន់ដឹងថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើចត្តាឡីស័កដែរ ឬយ៉ាងណានោះទេ ខណៈដែលលោកក៍បានទទួលជួបលោកប្រមុខការទូតហុងគ្រី ដែលថៃរកឃើញផ្ទុកមេរោគកូវីដ១៩នោះផងដែរ ។
ការប្រកាសរបស់ក្រសួងការបរទេសខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដែលទើបចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul ប្រកាសថាធ្វើតេស្តរកឃើញផ្ទុកមេរោគកូវីដ១៩ តែមិនមានរោគសញ្ញាអ្វីនោះទេ មុនពេលលោកបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក៕