ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅប៉ុន្មាននាទីមុននេះថា លោកនឹងភរិយា ព្រមទាំងអង្គរក្សនិងអ្នកបើកបររបស់លោកសរុប១៨នាក់ បានធ្វើតេស្តរួចហើយនិងពុំមានផ្ទុកមេរោគកូវីដ១៩នោះទេ ។
ការប្រកាសជាសាធារណៈរបស់លោកខាងលើ បានធ្វើឡើងក្រោយពេលដែលលោក លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ត្រូវបានអាជ្ញាធរថៃប្រកាសថាមានផ្ទុកមេរោគកូវីដ១៩ ក្រោយពេលចាកចេញពីកម្ពុជាកាលពីល្ងាចម្សិលមិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា ហើយដែលដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតហុងគ្រីនេះដែរ លោក ភីធើ ស៊ីចាតូ ក៍បានចូលជួបសវនាការសម្តែងការគួរសមជាមួយលោក ហ៊ុន សែន ផងដែរនោះ ។
បើតាមលោកនាយករដ្ឋមន្ត្រី ទោះបីលោកមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យលោករស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ ។
នៅលើបណ្តាញសង្គមដដែល លោក ហ៊ុន សែន ក៍បានសូមការព្រះរាជទានទោសពីអង្គព្រះមហាក្សត្រនិងហ្លួងម៉ែ ដែលលោកមិនអាចដង្ហែព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន ។ ជាមួយគ្នានេះដែរ លោកប្រមុខរាជរដ្ឋាភិបាល ក៍បានសូមអភ័យទោសពីជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលលោកមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្គ្រោះបានដែលលោកនឹងចាត់តំណាងទៅចែកជំនួស។
នៅប៉ុន្មាននាទីមុននេះដែរ លោក ហ៊ុន សែន ក៍បានប្រកាសលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ទៅពេលក្រោយវិញ ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៍សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់
ពន្ធ័ទាំងអស់ដែលលោកមិនអាចចូលរួមប្រជុំបានដែលលោកនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៍បានបញ្ជាក់ដែរថា« ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ឬសុំយោបល់ខ្ញុំបានដដែល។ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែល គ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។»៕