ជំនន់ទឹកភ្លៀងស្រកអស់ហើយ នៅឡើយតែតង់យួនមិនទាន់រើ

គិត​ត្រឹម​ម៉ោង​១២​និង​៥៤​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០២០​នេះ កងកម្លាំង​ព្រំដែន​របស់​វៀតណាម​នៅ​មិន​ទាន់​បាន​រើ​តង់​(​ទាំង​សំណង់​ឈើ​និង​សំណង់​រឹង​) ដែល​ពួក​គេ​បាន​បោះ​ជា​ឯកតោភាគី​លើ​តំបន់​ដែល​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ឯកភាព​គ្នា​នោះ​នៅឡើយ​ទេ ។​

​នេះ​បើ​យោង​តាម​ប្រភព​ពី​កងកម្លាំង​ព្រំដែន​ខ្មែរ​ដែល​ប្រចាំការ​នៅ​ព្រំដែន​ស្រុក​លើក​ដែក ខេត្តកណ្តាល ។​

​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ ក៍​ដូច​ជា លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន មិន​អាច​សុំ​ការ​បញ្ជាក់​និង​អត្ថាធិប្បាយ​បាន​ទេ​នៅ​វេលា​ម៉ោង​ខាងលើ​នេះ ។​

​បើ​តាម​លោក គង់ សោ​ភ័​ណ្ឌ កាលពី​ថ្ងៃ​ទី​២៩ តុលា ២០២០ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា កងកម្លាំង​ព្រំដែន​វៀតណាម​បាន​បន្ត​សាងសង់​សំណង់​រឹង​បន្ថែម​ទៀត​ឡើង​ដល់​១៦​ទីតាំង​ហើយ លើ​ទីតាំង​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា ខណៈ​ទីតាំង​ប្រក់​កៅស៊ូ​១១ ទៀត ក៍​មិន​ទាន់​បាន​រុះរើ​នៅឡើយ ។​

​លោក​អភិបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ប្រាប់ VOD ដោយ​បញ្ជាក់​ថា​«​សំណង់​រឹង​ទាំង​១៦​ទីតាំង​នេះ ភាគី​វៀតណាម​សង់​នៅ​តាម​បណ្ដា​យ​ព្រំដែន​នៃ​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ទល់មុខ​នឹង​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្តាល ប្រទេស​កម្ពុជា​។​»​។​

​លោក គង់ សោ​ភ័​ណ្ឌ បាន​ថ្លែង​ថា​៖ «​វៀតណាម​សង់​សំណង់​រឹង​និង​តង់​កៅស៊ូ សរុប​២៧​ទីតាំង ហើយ​សំណង់​រឹង​១៦ សង់​នៅ​ក្នុងស្រុក​ពីរ [​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ​]​។ យើង​បាន​ជជែក​គ្នា​ហើយ ថា​ក្រោយ​ពី​កូ​វី​ដ គេ​នឹង​រុះរើ​»​។​

​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២០ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​រាយការណ៍​ថា វៀតណាម បាន​សាងសង់​ជម្រក​រឹង​មាំ​ធ្វើ​ពី​ឈើ​សសរថ្ម កម្ពស់​៣​ម៉ែត្រ ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២០​ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែល​មិន​ទាន់​ឯកភាព​គ្នា​។​

​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​ម​ហុង ក៍បាន​ប្រាប់ VOD ជុំវិញ​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្តកណ្តាល​ខាងលើ​ដែរ​ថា គណៈកម្មាធិការ​មិន​ទាន់​សម្រេច​ថា នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដែល​ភាគី​វៀតណាម​សង់​សំណង់​រឹង​នោះ​នៅឡើយ ដោយសារ គណៈកម្មាធិការ​រង់ចាំ​របាយការណ៍​ពី​អាជ្ញាធរ​ខេត្តកណ្តាល​សិន ។​

​លោក​ថា​៖ «​ទាល់​[​តែ​]​ខ្ញុំ​ជួយ​មើល​ហើយ ពិចារណា​ហើយ បាន​យើង​សម្រេច​ថា យើង​បញ្ជូន​ទៅ​ធ្វើការ​តវ៉ា​ជាមួយ​ក្រសួងការបរទេស [​ចាំ​មើល​] លទ្ធផល​ដែល​យើង​រក​ឃើញ លទ្ធផល​ដែល​យើង​វិភាគ​នូវ​របាយការណ៍​ដែល​យើង​ទទួល​បាន​ពី​អាជ្ញាធរ​ដែនដី​»​។

​លោក វ៉ា គឹ​ម​ហុង បាន​បញ្ជាក់​ប្រាប់ VOD ទៀត​ថា កម្ពុជា​សម្រេច​ជ្រើសរើស​យក​វិធីសាស្ត្រ​ចរចា​ជាមួយ​ភាគី​វៀតណាម ដោយ​យល់​ថា រឿង​សង់​សំណង់​រឹង​នេះ​មិនធំ​ដូច​ករណី​រឿង​ប្រាសាទព្រះវិហារ​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ប្ដឹង​ទៅ​តុលាការអន្តរជាតិ​នោះ​ទេ​។​

​លោក​ថា​៖ «​អ្នក​ដែល​និយាយ​ស្នើ​ទៅ​ប្ដឹង​តុលាការអន្តរជាតិ វា​ទាល់តែ​កិច្ចការ​ហ្នឹង​វា​ធំដុំ​ណាស់ វា​គ្រាន់តែ​តង់​មួយ ប្ដឹង​ទៅ​តុលាការអន្តរជាតិ ឬ​ក៏​សំណង់​ផុត​ទឹក ប្ដឹង​ទៅ​តុលាការអន្តរជាតិ​ទេ​។ បើ​អ៊ីចឹង តុលាការអន្តរជាតិ​ងាប់​ហើយ គ្មាន​ពេល​សម្រាក​ទេ គ្រប់​តែ​ប្រទេស​គ្រាន់តែ​ធ្វើ​តង់​មួយ​ប្ដឹង​ទៅ​តុលាការអន្តរជាតិ​។ ប្រទេស​ទាល់តែ​បញ្ហា​ធំ ដូច​នៅ​ប្រាសាទព្រះវិហារ អាហ្នឹង [​រឿង​បោះ​តង់​] រឿង​កំប៉ិកកំប៉ុក យើង​យក​ទៅ​បឹ្ត​ង​តុលាការអន្តរជាតិ​។ ខ្ញុំ​ថា កំប៉ិកកំប៉ុក អា​អ្នកវិភាគ​ថា ខ្ញុំ​មិន​យកចិត្តទុកដាក់​ទៀត ប៉ុន្តែ​មិនមែន​ទេ រឿង​តុលាការអន្តរជាតិ​ទាល់តែ​បញ្ហា​ហ្នឹង​វា​ធំ​»​។

​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​កាលពី​ខែមិថុនា ឆ្នាំ​២០២០ ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ភាគី​វៀតណាម​បាន​បោះ​តង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ទាំង​តំបន់​មិន​ទាន់​ឯកភាព​និង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន​២៥៦​ទីតាំង​។​

​ពាក់​ព័​ន្ឋ​នឹង​ការ​បោះ​តង់​នៅ​តំបន់​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​បាន​ឯកភាព​គ្នា ដែល​ធ្វើ​ឡើងជា​ឯកតោភាគី​ពី​សំណាក់​កងកម្លាំង​ព្រំដែន​វៀតណាម​ខាងលើ​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៣ សីហា ២០២០ ក្រសួងការបរទេស​កម្ពុជា ក៍​ធ្លាប់​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ម្តង​រួច​មក​ហើយ តែ ក្រសួងការបរទេស​វៀតណាម​បាន​អះអាង​ថា ការ​បោះ​តង់​នៅ​តាម​ព្រំដែន​ដោយ​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធានការ​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា នូវ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ហើយ​ថា ការ​បោះ​តង់​ទាំងនោះ នឹង​មិន​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ទេ​។​

​ស្រាប់តែ​នៅ​ថ្ងៃ ២៦ សីហា ឆ្នាំ​២០២០ យោធា​ការពារ​ព្រំដែន​វៀតណាម ក្នុង​ខេត្ត​អាន​យ៉ាង បាន​រុះរើ​តង់​ចាស់​ដោយ​ផ្ទាល់​ផ្លាស់​ប្ដូរ​សាងសង់​តង់​ថ្មី​ជា​ជម្រក​រឹង​មាំ​ជាង​មុន ដោយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ​១២០​ម៉ែត្រ ក្នុងស្រុក​លើក​ដែក ខេត្តកណ្ដាល ជា​តំបន់​មិន​ទាន់​មានការ​ឯកភាព​នៅឡើយ​។ លើស​ពី​នេះ​ទៀត ភាគី​វៀតណាម បាន​អះអាង​ថា គេ​ធ្វើ​នេះ​តាមតែ​ការ​បញ្ជា​របស់​ថ្នាក់លើ​គេ​តែ​ប៉ុណ្ណោះ ។​

​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ហើយ​បើ​មិន​ជោគជ័យ​ទេ កម្ពុជា​ត្រូវ​បន្ត​ស្នើ​សុំ​ម្តងទៀត​ឱ្យ​ទាហាន​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ​។ លោក​បន្ត​ថា បើ​ទាហាន​វៀតណាម​នៅ​តែ​បន្ត​ធ្វើ ជម្រើស​ចុង​ក្រោយ គឺ​កម្ពុជា​អាច​សាងសង់​សំណង់​រឹង​មាំ​លើ​ទឹកដី​របស់​ខ្លួន តែ​ត្រូវ​ដាក់​ឱ្យ​នៅ​ទល់​នឹង​មុខ​នឹង​សំណង់​រឹង​មាំ​របស់​ទាហាន​វៀតណាម​ដែរ ។​

​ដោយឡែក ការ​បោះបង្គោល​និង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​ជាមួយ​វៀតណាម​នៅ​ខេត្តព្រៃវែង ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ភាគី​ទាំង​ពីរ​បាន​សម្រេច​បោះ​បញ្ចប់​ជា​ស្ថាពរ​ហើយ ។​

​នេះ​បើ​យោង​តាម​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋ​សភាជាតិ​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២០​នេះ ។​

​បើ​តាម​ល​ទ្ឋ​ផល​ខាងលើ​បាន​បង្ហាញ​ថា បច្ចុប្បន្ន កម្ពុជា​និង​វៀតណាម បាន​ធ្វើ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយ​គ្នា​បាន​៨៤​ភាគរយ​ហើយ​។​

​សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០១ សីហា ២០២០ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផែនទី​ថ្មី មានឈ្មោះ​ជា​ផ្លូវការ​ថា ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ (១​លើ​២៥​ពាន់​) នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​ក​ប៉ៃ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។​

​ផែនទី​ខ្នាត ១/២៥ ០០០ គឺជា​ផែនទី ដែល​បង្ហាញ​ពី​ការ​កំណត់​ខណ្ឌសីមា​និង​ការ​បោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះឯង​។ ផែនទី​ថ្មី​នេះ ត្រូវ​បាន​បោះពុម្ព​សរុប​៥០០​ផ្ទាំង ដោយ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ផ្ទាំង ប្រគល់​មក​ឲ្យ​កម្ពុជា ហើយ​២៥០​ផ្ទាំង ប្រគល់​ទៅ​ឲ្យ​វៀតណាម​។ ភាគ​ទាំង​ពីរ ប្តេជ្ញា​ចិត្ត​ទាំងអស់​គ្នា ថា​នឹង​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​លើ​ការ​បោះបង្គោល​ព្រំដែន​១៦​ភាគរយ​ទៀត ដែល​នៅ​សល់​។​

​ខេត្ត​៦​ទៀត ដែល​មិន​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម គឺ​កណ្តាល តាកែវ ស្វាយ​រៀង កំពត មណ្ឌលគិរី និង រតនគិរី​។ បើ​តាម​អ្នកស្រី កុយ ពិសី ការ​បោះបង្គោល​ព្រំដែន តាម​ជាយ​ខេត្ត​ទាំង​៦​ទៀត គឺ​រួចរាល់​ជា​កង់​ៗ ដោយ​មិន​ទាន់​រួចរាល់​ទាំងស្រុង​នោះ​ទេ​។​

​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​៣ គឺ​វៀតណាម ឡាវ និង ថៃ​។ ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម មាន​ប្រវែង​ប្រមាណ ១២៧០​គីឡូម៉ែត្រ ដោយ​ឯកភាព​ខ្សែ​ព្រំដែន​បាន​៨៤​ភាគរយ​។

ព្រំដែន​រវាង​កម្ពុជា​និង​ឡាវ មាន​ប្រវែង​ប្រមាណ ៥៤០​គីឡូម៉ែត្រ ដោយ​ឯកភាព​ខ្សែ​ព្រំដែន​បាន​៨៦​ភាគរយ​។

ព្រំដែន​រវាង​កម្ពុជា​និង​ថៃ មាន​ប្រវែង​ប្រមាណ ៨០៥​គីឡូម៉ែត្រ ដោយ​ឯកភាព​ខ្សែ​ព្រំដែន​បាន​បញ្ចប់​បាន​ទាំងស្រុង​នូវ​ការ​រុករក​បង្គោល​ព្រំដែន​ចាស់​  ដោយ​រក​ឃើញ​បង្គោល​ព្រំដែន​ចាស់​ទាំង​៧៣ ដែល​បោះ​នៅ​ដើម​សតវត្ស​ទី​១៩ និង​ទី​២០ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ៕