ឱសថខូចគុណភាព ខុសច្បាប់ គ្រឿងសំអាង ថ្នាំកសិកម្មបារីអេឡិចត្រូនិកផលិតផលប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជាង៥៤០តោន ដែលសមត្ថកិច្ចបង្ក្រាបនិងរកឃើញនាពេលកន្លងទៅ ត្រូវបានដុតបំផ្លាញចោលហើយ ។
ពិធីដុតឱសថនិងផលិតផលខាងលើ បានធ្វើឡើនៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ វិច្ឆិកា ២០២០នេះ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
បើតាម ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា បានបញ្ជាក់ឲ្យដឹងថា នេះជាលើកទី ៩ហើយ ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយនានាជាពិសេសផលិតផលដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិត អ្នកប្រើប្រាស់តែម្តង។
លោកបន្តថា ផលិតផលក្លែងក្លាយ ត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ធជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាតបង់ដល់វិស័យសេដ្ឋកិច្ចជាតិ។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសង្កត់ធ្ងន់ថា ចំពោះជនណាដែលប៉ុនប៉ង និងមានចេតនាលួចលាក់ ផលិត ចរាចរ ចែកចាយ របស់ខុសច្បាប់ដែលបង្កមហន្តរាយដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋក៏ដូចជា អ្នកនៅពីក្រោយផ្សំគំនិត ដរាបនោះគណៈកម្មាធិការនៅតែប្រកាន់ជំហរបង្ក្រាបនិងនាំយកជនល្មើសឬអ្នកដែលបំពានមកប្រឈមនឹងផ្លូវច្បាប់ជាធរមាន។
យ៉ាងណា លោក មៀច សុផាន់ណា មិនបានបញ្ជាក់ថា តើឱសថខុសច្បាប់ ខូចគុណភាព និង ផលិតផលក្លែងក្លាយដែលត្រូវកម្ទេចចោលនាព្រឹកមិញនេះ ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុន ឬ ម្ចាស់មានឈ្មោះអ្វី ហើយតើម្ចាស់ផលិតផលខាងលើ ត្រូវបានចាត់វិធានការច្បាប់បែបណា និងមានប៉ុន្មាននាក់ដែលកំពុងឃុំខ្លួនក្នុងពន្ឋនាគារនោះ ? ។
លោកប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មិនអាចទាក់ទងតាមទូរសព្ទដើម្បីសុំការបញ្ជាក់បន្ថែមបានទេ ជុំវិញមជ្ឈដ្ឋានមួយចំនួនដែលចោទសួរខាងលើនេះ ។
ថ្លែងក្នុងពិធីនោះដែរ លោក កើត រិទ្ឋ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម បានគូសបន្ថែមថា ការផលិត, ការនាំចេញ, ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺជាបទល្មើសមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ។ ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោល នូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់, មន្ត្រីអនុវត្តច្បាប់ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយផលិតផល ឲ្យបានតឹងរឹង និងឲ្យបានត្រឹមត្រូវតាមប្រភេទ នៃបទល្មើសដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខមាលភាពរបស់ប្រជាជនកម្ពុជា និងដើម្បីកុំឲ្យបញ្ហានេះចេះតែកើតមាន និងរីករាលដាលឡើងបន្តទៀត ៕