អ្នកប៉ះពាល់លោកប្រមុខការទូតហុងគ្រីជាង៦០០នាក់ ត្រូវបានធ្វើតេស្ត

គិត​ត្រឹម​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០២០ ក្រសួងសុខាភិបាល​បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ប៉ះពាល់​លោក​ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី ចំនួន ៦២៨​នាក់ និង​ត្រូវ​បាន​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជាល​ទ្ឋ​ផល​គឺ​ពុំ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ឡើយ ។​

​យ៉ាងណា បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​បញ្ជាក់​ថា ក្រសួង​និង​បន្ត​ស្រាវជ្រាវ​និង​ជម្រាប​ជូន​សាធារណជន នៅ​ពេល​ទទួល​បាន​ល​ទ្ឋ​ផល​វិភាគ​វត្ថុ​សំណាក​ជា​បន្តបន្ទាប់​ទៀត ។​

​ជាមួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​ក៍បាន​បញ្ជាក់​ថា ថ្ងៃនេះ​ពុំ​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នោះ​ទេ មាន​តែ​ជា​សះស្បើយ​ចំនួន​៣​នាក់ ។​

​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០២០ នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ២៩២​នាក់​(​ស្រី​៦០​នាក់​) ក្នុង​នោះ​ករណី​ជា​សះស្បើយ​ចំនួន ២៨៦​នាក់​(​ស្រី​៥៧​នាក់​) និង អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន​៦​នាក់ (​បុរស​ខ្មែរ​៣​នាក់ ស្ត្រី​ខ្មែរ​២​នាក់ និង​ស្ត្រី​ជនជាតិ​បារាំង​០១​នាក់​) ៕