​ឃើញម្លឹងហើយ ចុះអាអត់ឃើញ ! ដុតកម្ទេចផលិតផលក្លែងក្លាយនិងខុសច្បាប់ជាង៥០០តោន

ឱសថ​ខូចគុណភាព ខុសច្បាប់ គ្រឿងសំអាង ថ្នាំ​កសិកម្ម​បារី​អេ​ឡិច​ត្រូ​និក​ផលិតផល​ប្រើប្រាស់​និង​គ្រឿង​ឧបភោគបរិភោគ​ជាង​៥៤០​តោន ដែល​សមត្ថកិច្ច​បង្ក្រាប​និង​រក​ឃើញ​នា​ពេល​កន្លង​ទៅ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ហើយ ។​

​ពិធី​ដុត​ឱសថ​និង​ផលិតផល​ខាងលើ បាន​ធ្វើ​ឡើ​នៅ​ទីលាន​ចាក់សំរាម ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០២០​នេះ ក្រោម​អធិបតីភាព​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។​

​បើ​តាម ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ច សុ​ផា​ន់​ណា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី ៩​ហើយ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ធ្វើ​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​នានា​ជា​ពិសេស​ផលិតផល​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត អ្នក​ប្រើប្រាស់​តែ​ម្តង​។​

​លោក​បន្ត​ថា ផលិតផល​ក្លែងក្លាយ ត្រូវ​បាន​ចាត់ទុកជា​បទល្មើស និង​ពាក់ព័ន្ធ​ជាមួយ​បទឧក្រិដ្ឋ​ឆ្លង​ដែន ដែល​ធ្វើ​អោយ​ខាតបង់​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ​។​

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សង្កត់ធ្ងន់​ថា ចំពោះ​ជន​ណា​ដែល​ប៉ុនប៉ង និង​មាន​ចេតនា​លួចលាក់ ផលិត ចរាចរ ចែកចាយ របស់​ខុសច្បាប់​ដែល​បង្ក​មហន្តរាយ​ដល់​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អ្នក​នៅ​ពីក្រោយ​ផ្សំ​គំនិត ដរាប​នោះ​គណៈកម្មាធិការ​នៅ​តែ​ប្រកាន់​ជំហរ​បង្ក្រាប​និង​នាំ​យក​ជនល្មើស​ឬ​អ្នក​ដែល​បំពាន​មក​ប្រឈម​នឹង​ផ្លូវច្បាប់​ជា​ធរមាន​។​

​យ៉ាងណា លោក មៀ​ច សុ​ផា​ន់​ណា មិន​បាន​បញ្ជាក់​ថា តើ​ឱសថ​ខុសច្បាប់ ខូចគុណភាព និង ផលិតផល​ក្លែងក្លាយ​ដែល​ត្រូវ​កម្ទេច​ចោល​នា​ព្រឹក​មិ​ញ​នេះ ជាក​ម្មសិ​ទ្ឋិ​របស់​ក្រុមហ៊ុន ឬ ម្ចាស់​មានឈ្មោះ​អ្វី ហើយ​តើ​ម្ចាស់​ផលិតផល​ខាងលើ ត្រូវ​បាន​ចាត់វិធានការ​ច្បាប់​បែប​ណា និង​មាន​ប៉ុន្មាន​នាក់​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ព​ន្ឋ​នាគារ​នោះ ? ។​

​លោក​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មិន​អាច​ទាក់ទង​តាម​ទូរ​សព្ទ​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ ជុំវិញ​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​ចោទសួរ​ខាងលើ​នេះ ។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ លោក កើត រិ​ទ្ឋ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម បាន​គូស​បន្ថែម​ថា ការ​ផលិត​, ការ​នាំ​ចេញ​, ការ​នាំ​ចូល និង​ការ​ចែកចាយ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺជា​បទល្មើស​មួយ ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ហេតុ​ដូចនេះ បន្ថែម​លើ​ការ​ដកហូត និង​ការ​កម្ទេច​ចោល នូវ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​, មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ផ្តន្ទាទោស​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ជា​អាទិ៍ អ្នក​នាំ​ចូល និង​អ្នក​ចែកចាយ​ផលិតផល ឲ្យ​បាន​តឹង​រឹង និង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រភេទ នៃ​បទល្មើស​ដែល​កំណត់​ក្នុង​ច្បាប់ ជា​ពិសេស ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ដើម្បី​ធានា​ការពារ​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា និង​ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​ចេះ​តែ​កើត​មាន និង​រីក​រាលដាល​ឡើង​បន្ត​ទៀត ៕